(ភ្នំពេញ)៖ សន្និសីទអាហារូបករណ៍លើកទី៨ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីឱ្យសិស្ស-និស្សិត អាចស្វែងយល់ពីឱកាសទទួលបានអាហារូបករណ៍នៅក្រៅប្រទេស និងត្រៀមខ្លួន​ទុកជាមុន ​ក្នុងការបង្កើតអត្រាជោគជ័យខ្ពស់ ​ក្នុងអាហារូបករណ៍ថ្នាក់តំបន់ និងអន្តរជាតិ និងបានស្វែងយល់បន្ថែមពីការធ្វើតេស្តស្តង់ដារ IELTS ដែលជាតម្រូវការ​ទូទៅ​សម្រាប់អាហារូបករណ៍ និងព័ត៌មានអាហារូបករណ៍នៅក្រៅប្រទេសផងដែរ។

នៅក្នុងពិធីនោះផងដែរ​ក៏មានការចូលរួមពីតំណាងស្ថានទូតធំៗ មួយចំនួនដូចជា​ ​អង់គ្លេស អឺរ៉ុប ជប៉ុន ស្ថាប័នផ្តល់អាហារូបករណ៍ និងអតីតនិស្សិតទទួល​បាន​អាហារូបករណ៍​ជាច្រើនរូប បានចូលរួមបកស្រាយបង្ហាញពីគន្លឹះសំខាន់ៗ ក្នុងការត្រៀមខ្លួនទុកជាមុនឱ្យមានប្រសិទ្ធភាព និងលក្ខខណ្ឌនៃអាហារូបរណ៍ល្បីៗ ចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លីៗ ​ដើម្បីបង្ហាញជូនសិស្ស និស្សិត ដែលបាន​​​​​ចូលរួមប្រមាណជិត ១,០០០នាក់ នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-កូរ៉េ ( CKCC )។

នៅក្នុង​ឱកាសនោះ លោក សេង ពិសិដ្ឋ​ ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អនុស្សា និងជាប្រធាននៃអ្នករៀបចំសន្និសីទអាហារូបករណ៍លើកទី៨ បានលើកឡើងថា ប្រទេសជាតិមួយអាចរីកចំរើនបាន អាស្រ័យទៅលើធនធានមនុស្សដែលមានចំណោះដឹង ជំនាញពិតប្រាក ដូចនេះ សិស្ស និស្សិត ដែលបានមកចូលរួមក្នុងសន្និសីទអាហារូបករណ៍លើកទី៨នេះ ពេលបានជាប់អាហារូបករណ៍ បានសិក្សានៅក្រៅប្រទេស មានចំណោះដឹង មានជំនាញពិតប្រាកដហើយ ត្រូវត្រឡប់មកធ្វើការនៅក្នុងប្រទេសជាតិយើងវិញ ដើម្បីផ្តល់ជាប្រយោជន៍និងជួយឱ្យប្រទេសជាតិយើងបានរីកចំរើន ហើយបើសិនជាយើង​បានទៅដល់ស្រុកគេហើយ ធ្វើការឱ្យប្រទេសគេនោះវាបានត្រឹមតែជាប្រយោជន៍ដល់ខ្លួនឯងតែប៉ុណ្ណោះ មិនបានជួយអីដល់ប្រទេសជាតិយើង​នោះទេ។

សូមបញ្ជាក់ដែរថា សន្និសីទអាហារូបករណ៍លើកទី៨ក្នុងឆ្នាំនេះ នឹងផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖ ស្គាល់អាហារូបករណ៍ល្បីៗ និង អាហារូបករណ៍ដែលគេពុំសូវស្គាល់, ស្គាល់លក្ខខណ្ឌជាមូលដ្ឋាន ដែលជាតម្រូវការរបស់អាហារូបករណ៍, បំពេញបែបបទរៀនសរសេរសំណេរអាហារូបករណ៍ និងត្រៀមសម្ភាសន៍, រៀនត្រួតពិនិត្យ និងបង្កើនភាពទាក់ទាញនៃ application form, ស្គាល់និងបង្កើតទំនាក់ទំនងជាមួយរៀមច្បងដែលជានិស្សិតអាហារូបករណ៍។

ក្នុងសន្និសីទអាហារូបករណ៍លើកទី៨នេះដែរ ក៏មានបញ្ញវន្ដ១២រូប បានចូលរួមចែករំលែកពីគន្លឹះសំខាន់ៗ ទាំងការស្វែងរកអាហារូបករណ៍ ការបំពេញបែបបទ និងរៀបចំសំណេរ ការត្រៀមខ្លួនសម្ភាស ក៏ដូចជាបទពិសោធន៍ជាក់ស្ដែងក្នុងការសិក្សា និងរស់នៅក្រៅប្រទេសដូចជា៖ លោក សួស អ៊ឹមស៊ូជីវី និងអ្នកនាង សន រ៉ាមណា និស្សិតអាហារូបករណ៍ Chevening Scholarship មកពីប្រទេសអង់គ្លេស, កញ្ញា ងួន វឌ្ឍនារ័ត្ន និងលោក ជាន រតនៈវិសាល និស្សិតអាហារូបករណ៍ New Zealand Government Scholarships មកពីប្រទេសណូវែលហ្សេឡង់, លោក អ៊ឹម ច័ន្ទរក្សា និងលោក ឆេង ប៉េងនិត និស្សិតអាហារូបករណ៍ Chinese Government Scholarship មកពីប្រទេសចិន, លោក លី ប៊ុនហេង និស្សិតអាហារូបករណ៍ Princess Sirindhorn Scholarship មកពីប្រទេសថៃ, កញ្ញា ណី សោភា និស្សិតអាហារូបករណ៍ PM Hun Sen-EASB National Scholarship Award មកពីប្រទេសស៊ីងហ្គាពួរ, កញ្ញា គង់ ឆោមកែវវរលក្ខណ៍ និស្សិតអាហារូបករណ៍ Australia Awards ក្នុងប្រទេសអូស្ដ្រាលី, លោក វុទ្ធី វណ្ណនឿន និស្សិតអាហារូបករណ៍ Civil Society Leadership Awards មកពីប្រទេសអាមេរិច, លោក វ៉ា ស៊ីណែល និស្សិតអាហារូបករណ៍ European and International Cooperation, Konard Adenauer Stiftung ក្នុងប្រទេសអាល្លឺម៉ង់, លោក ពៅ សុភក្តិ, និស្សិតអាហារូបករណ៍ ERASMUS MUNDUS Joint Master Scholarship Action 1 ដែលបានសិក្សានៅក្នុងបណ្ដាប្រទេសអឺរ៉ុបមានដូចជា Austria, Finland, Australia China និង Germany៕