(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកសមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន ៣២នាក់ ក្រោមវត្តមានលោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងមានការចូលរួមពីលោក ប្រាក់ ចាន់ធឿន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌចំការមន និងជាប្រធានក្រុមការងារជួយសង្កាត់ទន្លេបាសាក់ តំណាងលោក អិត សំហេង និងលោក ខាត់ ណារិទ្ឋ ប្រធានគណៈកម្មាធិការបក្សសង្កាត់ទន្លេបាសាក់។

លោក ខាត់ ណារិទ្ឋ ប្រធានគណៈកម្មាធិការបក្សសង្កាត់ទន្លេបាសាក់ បានបញ្ជាក់ថា ក្នុងនោះយើងបានទទួលយកអតីតបេក្ខភាពក្រយមប្រឹក្សាសង្កាត់ របស់អតីតបក្សសង្គ្រោះជាតិ អាណត្តិទី៤ មករួមរស់ជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជាផងដែរ។

ក្រោយពីតំណាងសមាជិកសមាជិកាថ្មី បានអាននូវពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបានធ្វើការប្តេជ្ញាចិត្តរួចមក លោក ថេង សុថុល ក្នុងនាមគណបក្សខណ្ឌចំការមន បានលើកឡើងថា ការចូលរួមជាសមាជិកគណបក្សប្រជាជន របស់ប្អូនៗទាំងអស់ គឺជាជម្រើសដ៏ត្រឹមត្រូវ ក្នុងការរួមរស់ក្នុងជីវភាពនយោបាយ ព្រោះថាតាំងពីដើមរៀងមក រហូតដល់បច្ចុប្បន្ន មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានជួយសង្គ្រោះ រំដោះប្រទេសជាតិឲ្យរួចពីរបបប្រល័យពូជសាសន៍ បន្តថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការ រីកចម្រើន ជាលំដាប់ ហើយគ្មានគណបក្សណាបានធ្វើការងារបម្រើប្រជាពលរដ្ឋឡើយ មានតែប្រើប្រាស់នយោបាយប្រជាភិថុតិ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ។ លោកប្រធានក៏បានផ្តាំផ្ញើ ដល់ប្អូនៗទាំងអស់ឲ្យ អនុវត្តខ្លួនជាយុវជនគម្រូ ជាទំពាំងស្នងឬស្សី ដើម្បីជាសរសរទ្រូង របស់ប្រទេសជាតិទៅថ្ងៃអនាគត។

លោក ថេង សុថុល បានបន្តណែនាំដល់ប្អូនៗ យុវជនដែលទើបត្រូវបានបញ្ចូលជាសមាជិកថ្មីនៅថ្ងៃនេះ សូមឲ្យធ្វើការណែនាំដល់មិត្តភ័ក្រ បងប្អូនរបស់ខ្លួនអំពីគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងត្រូវចៀសវាងការជឿលើពាក្យញុះញង់របស់ជនអគតិ ដែលមានគោលដៅបំបែកបំបាក់សាមគ្គីភាពរបស់គណបក្សយើង។

ជាមួយគ្នានោះដែរលោក ថេង សុថុល ក៏បានជូនជាវត្ថុអនុស្សាវយ៍ ជូនដល់សមាជិក គណបក្សថ្មី ក្នុងម្នាក់ៗទទួលបាន ៤ម៉ឺនរៀល៕