(ព្រះវិហារ)៖ អគារសិក្សា ១ខ្នង មាន ៣បន្ទប់ និងសមិទ្ធិផលផ្សេងៗទៀតតម្លៃ ៤៨០០០ដុល្លារ នៅស្ថិតក្នុងវិទ្យាល័យរក្សាភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ជាអំណោយរបស់ អង្កការមកពីប្រទេសជប៉ុន ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ហើយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងថ្នាក់ដឹកនាំ សមាជិកអង្កការមកពីប្រទេសជប៉ុនជាច្រើនរូបទៀត។

លោក ហោ ប៊ុនហួរ បានថ្លែងថា វិស័យអប់រំជាវិស័យមួយត្រូវបានទទួលស្គាល់ជាអទិភាពចម្បង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ គ្រប់នីតិកាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកបន្តថា «ពីដំណាក់កាលមួយទៅដំណាក់កាលមួយឃើញថា ដំណើរការរីកចម្រើន នៃវិស័យអប់រំរបស់កម្ពុជាយើង ត្រូវបានអភិវឌ្ឍន៍ឥតឈប់ឈរ និងជាបន្តបន្ទាប់ ព្រមទាំងបានធ្វើកំណែទម្រង់ យ៉ាងស៊ីជម្រៅ និងឆាប់រហ័ស ដែលធ្វើឲ្យវិស័យអប់រំនៅកម្ពុជា ត្រូវបានគេមើលឃើញថា មានគុណភាពមិនចាញ់បណ្តាប្រទេសនានាលើសកលលោកនោះទេ»

លោក ហោ ប៊ុនហួរ បានឲ្យដឹងទៀតថា នៅទូទាំងស្រុករវៀង មានអគារសិក្សាថ្មចំនួន ៧៩ខ្នង ស្មើនិង ៤០៦បន្ទប់ អគារឈើចំនួន ៥៤ខ្នង ស្មើនិង៩៨បន្ទប់ មានបុគ្គលិកសិក្សាសរុបចំនួន ៤៦៥នាក់ និងមានសិស្សានុសិស្សនៅគ្រប់ភូមិសិក្សាចំនួន ១០២៥៣នាក់ ផងដែរ។

ជាមួយគ្នានោះ លោកសូមថ្លែងអំណរគុណដល់អង្កការប្រទេសជប៉ុន ដែលបានផ្តល់អំណោយនូវអគារសិក្សា១ខ្នង មាន៣បន្ទប់ ដល់វិទ្យាល័យរក្សានៅពេលនេះ។

លោកបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ បន្តខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សគ្រប់ពេល និងគ្រប់ម៉ោង និងជំរុញឲ្យសិស្សានុសិស្ស យកចិត្តទុកដាក់ក្នុងការសិក្សា គោរពវិន័យសាលា និងខិតខំរៀនសូត្រដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត ពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចារចរណ៍បានគ្រប់ៗគ្នា៕