(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី បានអះអាងថា កាកសំណល់គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងអាវុធគីមី ដែលបន្សល់ទុកពីសម័យសង្គ្រាម នៅតែបង្កជាបញ្ហាប្រឈម និងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។

ការអះអាងបែបនេះរបស់ លោក អ៊ុច បូររិទ្ធ បានធ្វើឡើងនៅក្នុងឱកាសដែលលោករួម ជាមួយ ឧត្តមសេនីយ៍ឯក ក្រូច បុរី អគ្គលេខាធិការស្តីទី នៃអាជ្ញាធរទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ វិទ្យុសកម្ម តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញបិទសិក្ខាសាលាថ្នាក់ជាតិ លើគម្រោងលេខ៦១ របស់សហភាពអឺរ៉ុបស្តីពី «ការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធ នៅតំបន់អាស៊ីអាគ្នេយ៍» (ហៅកាត់ថា SEACHEM) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

លោក អ៊ុច បូររិទ្ធ បានអះអាងយ៉ាងដូច្នេះថា៖ «លើសពីនេះកាកសំណល់ គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងអាវុធគីមី នៅមានបន្សល់ទុក នៅលើទឹកដីកម្ពុជា និងនៅជាបញ្ហាប្រឈមនឹងគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ បើទោះជាការបោសសំអាត កាកសំណល់ អាវុធយុទ្ធភ័ណ្ឌអស់ទាំងនេះ ដោយអាជ្ញាធរមានសមត្ថកិច្ចម្ពុជា ទទួលបានលទ្ធផលគួរជាទីមោទនៈនៅក្នុងរយៈកាលកន្លងមក យ៉ាងណាក៏ដោយ»

លោកក៏បានរំលឹកឡើងថា ប្រទេសជាតិ និងប្រជាជនកម្ពុជា ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់រយៈពេលជាងពីរទសវត្សរ៍ ជាសង្គ្រាមដែលពុំបានការពារផលប្រយោជន៍ដ៏តិចតួច សម្រាប់ប្រជាជនកម្ពុជានោះទេ ផ្ទុយទៅវិញបន្សល់ទុក្ខវេទនា ខ្លោចផ្សារកទីបំផុត គ្មានភាពខ្ទេចខ្ទាំស្នើសូន្យសុង នៅលើទឹកដីមាតុភូមិកម្ពុជា តែប៉ុណ្ណោះ។ ជាការគួរឱ្យកត់សំគាល់ នៅក្នុងមួយរយៈពេលកន្លងមកនេះ ការប្រើប្រាស់អាវុធគីមី មានការកើនឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសការវាយប្រហារនៅ Salisbury ប្រទេសអង់គ្លេស និងនៅប្រទេសស៊ីរី ដែលរហូតមក ដល់ពេលបច្ចុប្បន្ននេះ ស្ថិតនៅជាប្រធានបទដ៏ក្តៅគគុក ក្នុងការចោទប្រកាន់គ្នាទៅវិញទៅមករវាងប្រទេសធំៗមួយចំនួន និងការជជែកពិភាក្សាគ្នាដ៏តឹងតែងនៅទីស្នាក់ការអង្គការហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេ ប្រទេសហុល្លង់។

លោក អ៊ុច បូររិទ្ធ បានបន្ថែមទៀតថា នៅកម្ពុជា អាជ្ញាធរជាតិអាវុធគីមី ដែលជាស្ថាប័នប្រតិបត្តិបានធ្វើសកម្មភាពរុករកគ្រាប់បែកគីមី ដែលបន្សល់ទុកពីសម័យសង្គ្រាមទសវត្ស (ឆ្នាំ១៩៦០-១៩៧០) នៅបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តស្វាយរៀង ត្បូងឃ្មុំ និងមណ្ឌលគិរី ដែលមានសារធាតុគីមីប្រភេទ CS កម្រិតខ្ពស់ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។

ក្រៅពីនោះអាជ្ញាធរជាតិអាវុធគីមី បានចាត់កម្លាំងចុះផ្សព្វផ្សាយច្បាប់ស្តីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម នៅតាមបណ្តាខេត្តដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងចំណុះខេត្តនីមួយៗ និងបានចុះហ្វឹកហ្វឺនតាមបណ្តាកងឯកភាពចំណុះឱ្យយោធភូមិភាគ អគ្គបញ្ជាការដ្ឋានពីប្រតិបត្តិការ ឆ្លើយតបឧប្បត្តិហេតុបង្កឡើង ដោយអាវុធគីមី ជីវសាស្ត្រ វិទ្យុសកកម្ម និងអាវុធនុយក្លេអ៊ែរ (CBRN)៕