(កណ្ដាល)៖ ខណៈដែលប្រទេសជាតិកំពុងមានការរីកលូតលាស់ទៅមុខជាលំដាប់ បញ្ហាជីវភាពពលរដ្ឋត្រួវបានដោះស្រាយបានធូរធាឡើងៗ ស្ទើរគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែង ស្រុកកណ្ដាលស្ទឹង ស្ថិតក្នុងខេត្តកណ្ដាល ក៏កំពុងមានការរីចំរើនផងដែរ ក្នុងនោះវិស័យទឹកស្អាតប្រើប្រាស់ និងបង្គន់អនាម័យបច្ចេកទេស មានការកើនឡើងសេវាដល់ពលរដ្ឋជិត១០០% ហើយ។ នេះជាការលើកឡើងរបស់លោកស្រី ស៊ន ភារម្យ អភិបាលរងស្រុកកណ្ដាលស្ទឹង នៅក្នុងកម្មវិធី ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១០ ក្រោមប្រធានបទ «អនាម័យសម្រាប់ទាំងអស់គ្នា» ដែលប្រារព្ធធើ្វកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាគោគរមៀត ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

យោងតាមរបាយការណ៍ ស្រុកកណ្ដាលស្ទឹង មានគ្រួសារសរុប ចំនួន២៣,៧៣១គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ១០៥,៤១៣នាក់ គ្រួសារដែលមានទឹកស្អាតប្រើប្រាស់មាន ៩០.៩% ដែលនៅឆ្នាំ២០១៦ មានតែ ៧២.៧% ឯគ្រួសារប្រើប្រាស់បង្គន់អនាម័យបច្ចេកទេសចំនួន ៧៦.២% ដែលនៅឆ្នាំ២០១៦ មានតែ ៦៧.០% ។

ស្ថិតនៅក្នុងកម្មវិធីនេះដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល បានលើកឡើងថា ដើម្បីទប់ស្កាត់បញ្ហាកង្វះអនាម័យ ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានធើ្វការផ្សព្វផ្សាយណែនាំពីអនាម័យក្នុងការរស់នៅ ដល់សហគមន៍ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អោយបានយល់ដឹង ដែលជាផ្នែកមួយ ជុំរុញអោយប្រជាពលរដ្ឋ ធើ្វការផ្លាស់ប្ដូរឥរិយាបទក្នុងការរស់នៅប្រចាំថ្ងៃ ដោយហូបស្អាត ផឹកស្អា រស់នៅស្អាត។

លោកស្រីក៍បានផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យជុំវិញផ្ទះ អនាម័យសហគមន៍ ដោយកុំចោលសំរាមផ្ដេសផ្ដាស បន្ទោរបង់ក្នុងបង្គន់អនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូជាដើម ដើម្បីរក្សាបាននូវសុខភាពល្អ បរិស្ថានល្អស្អាតក្នុងប្រទេសយើង៕