(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្តេជ្ញាចិត្តថា នឹងធ្វើការថែទាំជួសជុលផ្លូវក្នុងខេត្តព្រះវិហារទាំងអស់ ដែលគ្រប់គ្រងដោយមន្ទីរ មិនឲ្យមានគ្រលុក និងសំបុកមាន់ទេ ពិតមែនតែផ្លូវនៅខេត្តព្រះវិហារ មិនបានស្អាត ពិតមែនតែផ្លូវនៅខេត្តព្រះវិហារសំបូរទៅដោយគ្រួសក្រហម លើកលែងតែផ្លូវក្នុងទីរួមខេត្តប៉ុណ្ណោះ។

ថ្លែងនៅក្នុងយុទ្ធនាការបណ្តុះបណ្តាលស្តីពី បច្ចេកទេសជួសជុល និងថែទាំផ្លូវថ្នល់ និងកម្មវិធីថែទាំផ្លូវ (Road Car Mobile App)នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សំ លាងទ្រី បានប្តេជ្ញាចិត្តថា នឹងធ្វើការថែទាំជួសជុលផ្លូវទាំងអស់ក្នុងខេត្តព្រះវិហារ ដែលគ្រប់គ្រងដោយមន្ទីរ មិនឲ្យមានគ្រលុក សំបុកមាន់ទេ ពិតមែនតែផ្លូវមិនស្អាតដូចជាមានស្នាមប្រេះ ប៉ុន្តែមិនមានសំបុកមាន់ ឡានបើកទៅធ្លាក់ជង្ហុក គឺមិនមានទេ។

លោកថា លើកលែងតែផ្លូវក្នុងទីរួមខេត្ត ប៉ុន្តែយើងកំពុងតែខិតខំព្យាយាមលុបសំបុកមាន់ហើយ រហូតដល់ថ្ងៃនេះ យើងកំពុងចាប់ផ្តើមអ៊ុត AC បន្តទៀត ចឹងគំរោងទៅថ្ងៃអនាគតផ្លូវកាត់ទទឹងយើង នឹងចាក់បេតុងសរសៃដែក យើងបានធ្វើនៅមុខម្លប់ត្រសេក មិនមែនធ្វើសាកល្បងទេ គឺធ្វើយកមែនទែនតែម្តង ហើយចំពោះផ្លូវជាតិនៅស្រុកគូលែន នៅថ្ងៃខាងមុខយើងនឹងធ្វើការពង្រីកឲ្យធំ ជាងនេះបន្ថែមទៀត។

លោក សំ លាងទ្រី បានគូសបញ្ជាក់ថា សម្រាប់រូបលោកផ្ទាល់កម្មវិធី (Road Car Mobile App)នេះ គឺមានសារសំខាន់ ហេត្វអ្វីបានជាលោកថា មានសារសំខាន់? ដោយសារតែកន្លងទៅឲ្យតែផ្លូវខូច អ្នកដែលមានចិត្តអាក្រក់ ចិត្តវាយប្រហារ គឺគាត់ថតហើយគាត់មិនដែលរាយការណ៍ទៅលើទេ គឺគាត់តែងតែផុសនៅក្នុងហ្វេកប៊ុក ទាំងគាត់មិនដឹងថា អ្វីទៅដែលហៅថាផ្លូវ DBST អ្វីទៅដែលហៅថាផ្លូវ AC?។ ចឹងពេលដែលគាត់ផុសហើយ គឺរៀបរាប់ថា ចាក់ដូចបាញ់ឆែវចឹងគឺចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ដោយគាត់អត់យល់ពាក្សថា DBST យ៉ាងមិច? AC យ៉ាងមិច?។

ជាមួយគ្នានោះ លោកក៏ចង់បញ្ជាក់ទៀតថា ឥលូវនេះយើងមានកម្មវិធី (Road Car Mobile App) ហើយ ចឹងពេលដែលពុកម៉ែបងប្អូនទាំងអស់ ដើរទៅជួបផ្លូវគ្រលុក ឬសំបុកមាន់ត្រង់ណា ថតបញ្ជូលក្នុងចូល Road Car ចឹងអ្នកដែលចូលមើលមុនគេ គឺសមត្ថកិច្ចផ្លូវថ្នល់និងឯងចឹងបើឃើញ ហើយក្រុមការងារផ្លូវថ្នល់នឹងទៅជួសជុលបានទាន់ពេលវេលា។ ប៉ុន្តែផ្ទុយមកវិញបើយើងមានកម្មវិធីនេះហើយ បែជាថតហើយយកទៅបង្ហោះហ្វេកប៊ុកនោះ គឺពិតជាមានចេតនាមិនល្អហើយ។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា មន្ទីរសាធារណការ និងដឹកជញ្ជូនកន្លងទៅ តែងទទួលនូវមតិរិះគន់ដើម្បីស្ថាបនាទាំងអស់ ហើយមន្ទីរសាធារណការខេត្ត មិនមែនព្រងើយកន្តើយឃើញផ្លូវខូច ជង្ហគមិនយកចិត្តទុកដាក់នោះទេ លោកថា ម៉ោងនេះយើងចង់ទៅមុំ៣ ទៅកំពង់ស្រឡៅបើកកុងទ័រ១១០ឯណោះ ថ្វីត្បិតតែផ្លូវគ្រួសក្រហម ប៉ុន្តែធានាថា មិនមានគ្រលុកសំបុកមាន់នោះទេ។ ប៉ុន្តែលោកទទួលស្គាល់នៅរដូវភ្លៀង ផ្លូវគ្រួសក្រហមនេះនៅពេលភ្លៀងជញ្រ្ជុំខ្លាំង គឺអ្នកបច្ចេកទេសកប់យោបល់ហើយៗ អ្នករិះគន់វាយប្រហារគឺឈ្លៀតយកឱកាសហ្នឹង៕