(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានបន្តទទួលជួបលោកស្រី Angela Corcoran ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ដែលនឹងត្រូវចប់អាណត្តិបេសកកម្មការទូត នៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន ១២រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង អគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា អគ្គរាជទូតជប៉ុន អគ្គរដ្ឋទូតអង់គ្លេស, អគ្គរដ្ឋទូតស្វីស, អគ្គរាជទូតប៊ែលហ្ស៊ិក, អគ្គរដ្ឋទូតហ្វាំងឡង់, អគ្គរដ្ឋទូតស៊ុយអែដ និងអគ្គរាជទូតអូស្ដ្រាលី។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយ លក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕