(សៀមរាប)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ព្យុះហយាត្រាជាអន្តរជាតិធំមួយឈ្មោះ «Dham Yatra» ដែលជាព្យុះហយាត្រា ដើម្បីសាសនា និងទំនាក់ទំនងការទូតរវាងកម្ពុជា និង ឥណ្ឌា ហើយមានប្រទេសជាច្រើនចូលរួម។ ប្រតិភូឥណ្ឌា ដែលជាគណកម្មការរៀបចំធំមួយ ក្នុងព្រឹត្តិការណ៍នេះ បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា និងបានប្រាប់ឲ្យដឹងពីមូលហេតុនៃការផ្ដើម ឲ្យមានការរៀបចំនេះ។ ព្រឹត្តិការណ៍ ព្យុះហយាត្រា នឹងចាប់ពីថ្ងៃទី២៩ វិច្ឆិកា រហូតដល់ថ្ងៃទី៣ ធ្នូ ក្នុងឆ្នាំ២០១៩ ក្នុង ខេត្តសៀមរាប។

លោក Dr.S.Sirajudeen តំណាងជាន់ខ្ពស់ប្រតិភូឥណ្ឌា បានថ្លែងបញ្ជាក់ថា ហេតុផលដែលនាំឲ្យមានការរៀបចំនេះ គឺដើម្បីស្វែងរកសប្បុរសជនខាងផ្នែកសាសនា ដើម្បីឲ្យជួយបរិច្ចាគជាថិវកា ជាប្រយោជន៍ដល់សាសនានៅកម្ពុជា និងដើម្បីឲ្យកម្ពុជា ដែលជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ មានលទ្ធភាពកសាងវិហារមួយ ដើម្បីបម្រើឲ្យប្រយោជន៍សង្គម និងពុទ្ធសាសនា។ លោកថា ប្រទេសឥណ្ឌា និងសម្ដេចសង្ឃឥណ្ឌា ​គឺជាអ្នកផ្ដើមរៀបចំឲ្យមានព្រឹត្តិការណ៍នេះ​ និងបានរៀបចំជ្រើសយក​ទឹកដីខេត្តសៀមរាប ជាទីតាំងដែលត្រូវស្វែងរក​ ការសាងសងព្រះវិហារធំមួយ សម្រាប់អ្នកមានជំនឿ​លើព្រះពុទ្ធសាសនា នៅក្នុងពេលខាងមុខ។

ប្រទេសឥណ្ឌាក៏បានអញ្ជើញសប្បុរសជនជាច្រើន ឲ្យចូលរួមក្នយងព្រឹត្តិការណ៍នេះផងដែរ ដើម្បីផ្ដល់លទ្ធភាពក្នុងការសម្រេចគោលដៅ។ ក្នុងនោះក៏មិនខុសពីការរួមចំណែក ជួយអភិវឌ្ឍន៏កម្ពុជា ឲ្យមានសន្ទុះរីកចំរើន​ ជាពិសេសលើវិស័យសង្គម និង​សាសនា។ លោកថា ពិធីនេះគឺជាការរៀបចំទ្វេរភាគីរវាងប្រទេសឥណ្ឌា និងកម្ពុជា ប៉ុន្តែក៏មានការចូលរួមពីប្រទេសផ្សេងៗផងដែរ។ ក្រៅពីនោះប្រតិភូឥណ្ឌា ដែលបានប្រកាសខ្លួនមកជួយស្វែងរកមូលនិធិដល់កម្ពុជា ក្នុងការទ្រទ្រង់លើវិស័យសាសនា ក៏នឹងធ្វើទស្សនកិច្ចក្នុងតំបន់អង្គរ ដើម្បីផ្សព្វផ្សាយពីតំបន់វប្បធម៌ដ៏ល្បីនេះ​។

គួរបញ្ជាក់ថា ដំណើរមកដល់របស់ប្រតិភូឥណ្ឌា ត្រូវបានទទួលការស្វាគមន៍​យ៉ាងកក់ក្ដៅពីលោក អឿន រតនៈ ដែលត្រូវគេស្គាល់ថា គឺជាអ្នកមានដែលបានរៀបចំ ព្រឹត្តិការណ៍បវរកញ្ញាអន្តរជាតិធំៗ ឲ្យមកប្រកួតនៅកម្ពុជា និងធ្លាប់បញ្ជូនស្រីស្អាតកម្ពុជា ឲ្យទៅប្រកួតលើឆាកអន្តរជាតិច្រើនលើកមកហើយ៕