(ភ្នំពេញ)៖ ដោយមើលឃើញពីសកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងទឹកចិត្តឆន្ទៈក្នុងការចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមនេះ ក្រុមហ៊ុន Rukshinedan Limited Partership បានប្រគល់បរិក្ខាពេទ្យជាច្រើនប្រភេទជូនដល់សមាគម TYDA នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ម៉ៅ ស៊ីវ៉ាត តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច (TYDA) រួមជាមួយនឹងក្រុមការងារជាច្រើនរូបទៀត។

លោក Pisanu Saratee និងលោកស្រី Tunyschanok Ropmuang ថ្នាក់ដឹកនាំក្រុមហ៊ុន បានចាប់អារម្មណ៍ចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគ គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ(TYDA)លោក និងលោកស្រីក៏បានប្រាប់ដល់មិត្តភ័ក្តិ និងបានរួមគ្នាប្រមូលថវិកាទិញសម្ភារៈដើម្បីសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA។

លោក និងលោកស្រីដែលតំណាងឲ្យគណៈប្រតិភូថៃក៏បានបន្ថែមថា លោកនឹងខិតខំគៀងគរមិត្តភក្តិ និងសប្បុរសជនដទៃទៀតឲ្យចូលរួមនៅក្នុងសកម្មភាពសង្គមដ៏ល្អប្រពៃនេះ។

លោក ម៉ៅ ស៊ីវ៉ាត ជំនួសមុខឱ្យលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនRukshinedan Limited Partership និងសប្បុរសជនដទៃទៀតដែល មានទឹកចិត្ត និងចំណាប់អារម្មណ៍ក្នុងការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA។ លោកបន្ថែមថាអំណោយមនុស្សធម៌នេះនឹងត្រូវប្រើប្រាស់នៅក្នុងសកម្មភាពរបស់សមាគម ដើម្បីជួយដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នេះគឺជាការចាប់អារម្មណ៍សកម្មភាពមនុស្សធម៌ និងការចូលរួមពីសំណាក់ក្រុមហ៊ុនមួយនៅក្នុងចំណោមបណ្ដាក្រុមហ៊ុន អង្គការ ដៃគូរជាច្រើនទៀតដែលបានចូលរួមចំណែក នៅក្នុងសកម្មភាព មនុស្សធម៌របស់សមាគម TYDA នាពេលកន្លងមក៕