(ឧត្តរមានជ័យ)៖ នៅរសៀលទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យមើលផ្ទះ ចំនួន១៨០ខ្នង អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលត្រៀមផ្តល់ជូនអតីតយុទ្ធជនមកពីភ្នំពេញ ដែលអត់ដីអត់ផ្ទះ១០១គ្រួសារ នាថ្ងៃទី០៦ ខែធ្នូខាងមុខនេះ នៅភូមិបាត់ថ្កូវ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យក្រុមការងារ តសំយ៉ាបផ្ទះជូនពួកគាត់បន្ថែមទៀតគ្រប់ខ្នងផ្ទះ និងធ្វើការសម្អាតផ្ទះ ដាំដើមឈើតាមផ្ទះឲ្យបានគ្រប់។

ជាមួយគ្នានេះ លោក គន់ គីម ក៏បានឲ្យក្រុមការងារ ត្រៀមលក្ខណៈដើម្បីទទួលបងប្អូនអតីតយុទ្ធជន ដែលត្រូវចូលមកនៅនាពេលខាងមុខនេះ ដោយជួយសម្រួលពី ជីវភាព និងសុខភាព ក្នុងស្ថានភាពដែលពួកគាត់មករស់នៅដំបូងជួបការខ្វះខាត និងមិនទាន់សាំជាមួយអាកាសធាតុ និងភូមិសាស្ត្រនៅទីនេះ៕