(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ក្នុងករណីប្លន់យកម៉ូតូចំនួន២ករណីផ្ទួនៗ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងឈានដល់ការបង្ក្រាបក្រុមចោរប្លន់ទាំងនោះ ចំនួន៣នាក់ ដកហូតម៉ូតូរបស់ជនរងគ្រោះត្រឡប់មកវិញផងដែរ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្រុមចោរប្លន់ខាងលើនេះ បានធ្វើសកម្មភាពធាក់ និងដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ កាលវេលាម៉ោង០៣៖១៥នាទី ទាបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងមុខរោងចក្រក្លេតភី ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោកអធិការ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ មួន ភិរ័ក្ស អាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ, ទី២៖ ឈ្មោះ កែវ សុភាព អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី៣៖ឈ្មោះ គង់ ប៊ុនសី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ ដែលប្លន់ពីជនរងគ្រោះ មួយគ្រឿងម៉ាក Honda C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-0319។ ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ក្រោយពីក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពប្លន់ទៅលើជនរងគ្រោះសម្រេចភ្លាមៗនោះ។ កម្លាំងរបស់លោក បានបើកប្រតិបត្តិការស្រាវជ្រាវ យ៉ាងក្តៅគគុកប្រើពេលមិនដល់៤៨ម៉ោង រហូតកំណត់មុខសញ្ញា និងបើកប្រតិបត្តិការបង្ក្រាបបានចំនួន៣នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕