(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងក្រុមប្រឹក្សាសន្និសីទសេដ្ឋកិច្ច សហព័ន្ធពាណិជ្ជករចិនទាជីវសកល កាណាឌីយ៉ាគ្រុប នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកសន្និសីទសេដ្ឋកិច្ច ឆ្នាំ២០១៩ សហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្ដែង នៃការវិនិយោគនៅកម្ពុជា។

ពិធីនេះបានរៀបចំធ្វើឡើងក្រោមវត្ដមានឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលរៀបចំធ្វើឡើង នៅវិមានកោះពេជ្រ (City Hall) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ក្នុងនោះក៏មានការចូលរួមពី អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា និងជាសហប្រធាននៃគណៈកម្មការសនិ្នសីទ សេដ្ឋកិច្ចប្រចាំឆាំ្ន២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក អាណត្តិទី៥, លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសហព័ន្ធពាណិជ្ជករ ចិនទាជីវសកលលោកជាច្រើនរយនាក់។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានលើកឡើងថា កិច្ចសហប្រតិបត្តិការនៃប្រទេសចិន-កម្ពុជា គឺកើតឡើងពីថ្នាក់ដឹកនាំនៃប្រទេសទាំង២ ដែលបានខំកសាង និងពូនជ្រុំសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការនេះ ជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកប្រធានាធិបតី ស៊ី ជីនភីង និងសម្តេចតេជានាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបន្ដថា កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម នៃប្រទេសទាំង២ គឺជាស្ថានចម្លង និងតភ្ជាប់វិស័យផ្សេងៗទៀត រួមមាន៖ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំនិងសង្គមកិច្ចផងដែរ។ ជាក់ស្តែង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំជាង២០ឆ្នាំកន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការចូលរួមរបស់ក្រុមហ៊ុន និងសហគ្រាសចិននោះទេ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ដ្រី សូមថ្លែងអំណរគុណដល់គ្រប់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគិនចិនទាំងអស់ ដែលបានបោះទុនវិនិយោគលើវិស័យនានានៅកម្ពុជា ប្រកបដោយការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់ សម្រាប់ការវិនិយោគនៅកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សង្ឃឹមថា សហព័ន្ធពាណិជ្ជករចិនទាជីវ នឹងបន្តដាក់ទុនវិនិយោគកាន់តែច្រើនឡើងៗថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសសក្តានុពលទាំងអស់នេះ នឹងជួយឲ្យបណ្ដាអ្នកវិនិយោគទុននានា ចូលមករួមចំណែកអភិវឌ្ឍកម្ពុជា។

អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជា។ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយផ្លូវមួយ អ្នកវិនិយោគចិនកាន់តែច្រើន បានមកបណ្តាក់ទុននៅកម្ពុជា នាំមកនូវឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា។

អ្នកឧកញ៉ាបន្ដថា ពាណិជ្ជករចិនទាជីវ គឺជាក្រុមពាណិជ្ជករចិន ដ៏មានឥទ្ធិពលលើឆាកអន្តរជាតិ។ ពួកគាត់រស់នៅពាសពេញគ្រប់តំបន់ នៅសកលលោក។ ការខិតខំប្រឹងប្រែងរបស់ក្រមពាណិជ្ជករចិនទាជីវ មិនត្រឹមតែអភិវឌ្ឍន៍មុខរបរខ្លួនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស ដែលកំពុងរស់នៅ។

ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា រូបនេះ ក៏បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលសម្បូរទៅដោយចិនទាជីវ ស្នាក់អាស្រ័យហើយបងប្អូនចិន ដែលរស់នៅប្រទេសកម្ពុជា ភាគច្រើនមានដើមកំណើត ជាចិនទាជីវ។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា អស់រយៈពេលជាយូរមកហើយ បងប្អូនកូនចៅចិន ដែលរស់នៅប្រទេសកម្ពុជា បានប្រគាកស្មាគ្នា ឧស្សាហ៍ព្យាយាម ដោយឆ្លងកាត់នូវព្យុះភ្លៀងយ៉ាងច្រើន ជាមួយប្រជាជនខ្មែរ និងបាលចូលរួមកសាង និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបានការកោតសរសើរ ពីរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ពាណិជ្ជករចិនទាជីវ ដែលមកប្រជុំនៅប្រទេសកម្ពុជា សុទ្ធតែជាពាណិជ្ជករឆ្នើម លើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យាទំនើប -ល-។ ជាមួយគ្នានោះ លោក សុខ ចិន្តាសោភា ក៏ណែនាំអំពីគោលនយោបាយវិនិយោគ ឱកាសវិនិយោគ និងគម្រោងវិនិយោគ នៅប្រទេសកម្ពុជា ជម្រាបជូនដល់ពាណិជ្ជករចិនទាជីវផងដែរ៕