(ភ្នំពេញ)៖ ដើម្បីសម្រេចផែនការបោសសម្អានមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំរដ្ឋាភិបាលស៊ុយអ៊ែត បន្តផ្តល់ថវិកាជួយលើវិស័យដោះមីនឡើងវិញ ហើយសំណើនេះដែរ ត្រូវបានស៊ុយអ៊ែតឆ្លើយតបថា ខ្លួននឹងយកទៅពិចារណា។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការបញ្ជាក់របស់ស៊ុយអ៊ែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អនុញ្ញាតឱ្យ លោក Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃជំនួបនេះ លោក កុយ គួង បានថ្លែងថា ពាក់ព័ន្ធលើការដោះមីន កន្លងមកស៊ុយអ៊ែតបានផ្តល់ជំនួយ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ មានការផ្អាកទៅវិញ។ ដូច្នេះហើយក្នុងវិស័យនេះ ឧបនាយករដ្ឋមន្ត្រី បា្រក់ សុខុន បានស្នើដល់ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតថ្មី ពិចារណាក្នុងការបន្តផ្តល់ជំនួយក្នុងវិស័យដោះមីននេះឡើងវិញ។

អ្នកនាំពាក្យបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «សំណើនេះ លោកឯកអគ្គរដ្ឋទូត បានកត់ត្រាទុកដល់រដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីធ្វើការពិចារណា»

បើតាមរបាយការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កន្លងមកចាប់តាំងពីឆ្នាំ១៩៩២ កម្ពុជាបានបោសសម្អាតមីន លើផ្ទៃដីប្រមាណ ១៨០០គីឡូម៉ែត្រក្រឡា។ ចំណែកផ្ទៃឯដី ដែលមិនទាន់បានបោសសម្អាត នៅប្រមាណជា ១៥០០ទៅ ១៨០០គីឡូម៉ែត្រក្រឡា។

ក្នុងជំនួបព្រឹកមិញនេះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ និងអបអរសាទរ ចំពោះលោក Bjorn Haggmark ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតស៊ុយអ៊ែតថ្មីប្រចាំកម្ពុជា។ ប្រមុខការទូត បានសម្តែងនូវក្តីរីករាយ ដែលកន្លងមកស៊ុយអ៊ែត និងកម្ពុជា មានទំនាក់ទំនងជាយូរមកហើយ និងបានថែរក្សាទំនាក់ទំនងដ៏ល្អរវាងគ្នាជារៀងដរាបមក។

ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសស៊ុយអ៊ែត ដែលកន្លងមកបានផ្តល់ជំនួយជាច្រើន ពាក់ព័ន្ធទៅនឹងវិស័យអភិបាលកិច្ច វិស័យអប់រំ វិស័យការងារ វិស័យសិទ្ធិមនុស្ស ការដោះមីន ព្រមទាំងជំនួយដល់សាលាក្តីខ្មែរក្រហម។ ជំនួយទាំងនេះ បានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដល់ប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ក្រសួងការបរទេស បានត្រៀមខ្លួនជាស្រេច ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយឯកអគ្គរដ្ឋទូត ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ និងទូលំទូលាយ។

ជាការឆ្លើយតប លោក Bjorn Haggmark បានសម្តែងក្តីរីករាយ ដោយបានមកបំពេញការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ លោកបានលើកឡើង ពីកិច្ចសហប្រតិបត្តិការកន្លងមក និងបានលើកឡើង ពីផែនការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំទៅមុខទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។

ក្នុងនោះដែរ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរដល់ប្រទេសកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសផ្សេងៗ ក្នុងបេសកកម្មរក្សាសន្តិភាព ក៏ដូចជាបេសកកម្មក្នុងការដោះមីន នៅក្រៅប្រទេសផងដែរ។ លោកចាត់ទុកថា នេះជាការរួមចំណែក ធ្វើឲ្យពិភពលោកមានសុខសន្តិភាព។

លោក Bjorn Haggmark ក៏បានបញ្ជាក់ផងដែរថា ផែនការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ផ្តោតទៅលើវិស័យជាច្រើន ដូចជា បញ្ហាការផ្លាស់ប្តូរអាកាសធាតុ បញ្ហាបរិស្ថាន បញ្ហាសិទ្ធិមនុស្ស វិស័យអប់រំ និងផ្តោតលើវិស័យពាណិជ្ជកម្មផងដែរ។

លោក កុយ គួង បានឲ្យដឹងទៀតថា កម្ពុជានិងស៊ុយអ៊ែត បានពិភាក្សាគ្នាពីវិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ផងដែរ។ កន្លងមកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតតិចតួចនៅឡើយ ប្រមាណជា ៧០លានដុល្លារក្នុងមួយឆ្នាំៗ ដូច្នេះភាគីទាំងពីរបានរិះរកវិធីជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើង។

លោកគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងស៊ុយអ៊ែត មានត្រឹមតែ ៧៣លានដុល្លារ តែក្នុងឆ្នាំ២០១៨ ធ្លាក់ចុះទៅ ៧០លានដុល្លារវិញ។ ដោយឡែក ចំពោះអ្នកទេសចរស៊ុយអ៊ែត មកទស្សនាកម្ពុជាប្រមាណ ១៥០០០នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ។

អ្នកនាំពាក្យក្រសួងការបរទេស បានបន្ថែមថា កន្លងមកនេះ វិស័យអប់រំ ខាងស៊ុយអ៊ែតបានផ្តល់អាហាររូបករណ៍ ដល់និស្សិតកម្ពុជាប្រមាណជា ៧៣០នាក់។ ខាងជំនួយអភិវឌ្ឍន៍ជាផ្លូវការ ODA បើគិតតាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ ស៊ុយអ៊ែតបានផ្តល់ដល់កម្ពុជាប្រមាណជា ៥៤៥លានដុល្លារ ដែលជំនួយនេះ ផ្តោតសំខាន់ដល់វិស័យអភិបាលកិច្ច សមភាពយែនឌ័រ សិទ្ធិមនុស្ស អប់រំ ទីផ្សារការងារ ក៏ដូចជាបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

ជាងនេះទៅទៀត ក្នុងវិស័យសិទ្ធិមនុស្ស កម្ពុជានិងស៊ុយអ៊ែត មានយន្តការមួយហៅថា «កិច្ចសន្ទនាផ្នែកសិទ្ធិមនុស្សទ្វេភាគី»។ កន្លងមក កិច្ចសន្ទនានេះបានធ្វើឡើងនៅទីក្រុងស្តុកខុម ប្រទេសស៊ុយអ៊ែត។

លោក កុយ គួង បានបញ្ជាក់ថា នៅក្នុងវិស័យខាងសាលាក្តីខ្មែរក្រហមវិញ ស៊ុយអ៊ែតបានផ្តល់ជំនួយប្រមាណជា ១៣លានដុល្លារ ប៉ុន្តែផ្តល់ទៅខាងភាគីអន្តរជាតិ។

លោកបន្តថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស៊ុយអ៊ែត មានទំនាក់ទំនងនៅឆ្នាំ១៩៦១ ហើយទំនាក់ទំនងនេះត្រូវបានស្តារឡើងវិញ នៅឆ្នាំ១៩៩១។ ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តថា នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និត និងរឹងមាំ៕