(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ដ របស់គណបក្សប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យ។

ចំណុចលេចធ្លោក្នុងខែកន្លងមកសម្រាប់ខេត្តឧត្តរមានជ័យ គឺការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅទូទាំងខេត្តមានភាពល្អប្រសើរ ពិធីបុណ្យឯករាជជាតិ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីហូបអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ប្រព្រឹត្តិទៅប្រកបដោយភាពអធិកអធមសប្បាយរីករាយ។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានលើកសរសើរ ចំពោះការខិតខំរបស់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមជាមួយមូលដ្ឋាន ដែលបានចុះជួប ជាមួយប្រជាពលរដ្ឋ តាមវេទិការសាធារណៈទទួលយកនឹងដោះបញ្ហាប្រឈមជូនពួកគាត់ បានទាន់ពេលវេលា ជាពិសេសការបម្រើសេវាសាធារណៈត្រូវបានលើកកម្ពស់។

ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានជំរុញឲ្យគណបក្សប្រជាជនកម្ពជាគ្រប់ថ្នាក់ រួមជាមួយក្រុមការងារ ត្រូវខិតខំអនុវត្តការងារសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

*ទី១៖ ខិតខំអប់រំ ផ្សព្វផ្សាយពីសភាពការណ៍ រីកចម្រើនរបស់ប្រទេសជាតិ ជូនដល់សមាជិកបក្ស និងមហាជនឲ្យយល់បានច្បាស់ និងជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន
*ទី២៖ មន្ត្រី គ្រប់ថ្នាក់ត្រូវលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួន ក្នុងការដោះស្រាយការងារឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
*ទី៣៖ ត្រូវរួមគ្នាបន្តចុះជួបប្រជាពលរដ្ឋ តាមរយៈវេទិកាសាធាណៈដោយយកចិត្តទុកដាក់ ចំពោះមូលដ្ឋានដែលកំពុងជួបបញ្ហាប្រឈម
*ទី៤៖ រាល់បញ្ហាប្រឈម និងសំណូមពរនានាដែលនៅសេសសល់ ត្រូវរួមគ្នាដោះស្រាយបញ្ចប់បញ្ហា មិនត្រូវអូសបន្លាយពេលវេលាទៀតទេ
*ទី៥៖ ត្រូវណែនាំឲ្យគ្រប់មូលដ្ឋាន ត្រូវធ្វើការគ្រប់គ្រងប្រភពទឹក និងមានផែនការប្រើប្រាស់ទឹកឲ្យសមស្រប និងត្រៀមផ្គត់ផ្គង់ទឹកជូនដល់មូលដ្ឋាន ដែលខ្វះទឹកប្រើនាពេលខាងមុខ៕