(ភ្នំពេញ)៖ មន្ត្រីជំនាញ និងមេជាងសំណង់ ដែលឈ្នះជ័យលាភី ពីការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី ឆ្នាំ២០១៩ បានលើកទឹកចិត្តឲ្យយុវជននាំគ្នារៀន ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការ ក្នុងនោះ រួមទាំងជំនាញផ្នែកសំណង់។

លោក ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បញ្ជូនកូនចៅឲ្យចូលរៀន នៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យមានជំនាញមួយពិតប្រាកដ។

លោកអគ្គនាយក ហ៊ីង ស៊ីដេត ថ្លែងយ៉ាងដូច្នេះថា «កាលណាយើងមានជំនាញមួយពិតប្រាកដ យើងនឹងមានចំណូលសមស្រប បម្រើដល់ជីវភាពក្នុងគ្រួសារ ក៏ដូចជា ជួយកសាងប្រទេសជាតិ»

លោក ហ៊ីង ស៊ីដេត លើកឡើងបែបនេះ នៅក្នុងពិធីបិទការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី លើកទី២ ឆ្នាំ២០១៩ ដែលសហការរៀបចំដោយក្រុមហ៊ុន អេសស៊ីជី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩ ដែលក្នុងនោះ ជ័យលាភីលេខ១, លេខ២ និងលេខ៣ ត្រូវបានប្រកាសសម្រាប់មុខជំនាញសំណង់ ៣ប្រភេទផ្សេងៗគ្នា រួមមាន៖ ជំនាញការងារបូក, ប្រក់ដំបូល និងស្មាតបត។

បើតាមលោក ហ៊ីង ស៊ីដេត អគ្គនាយក TVET នៃក្រសួងការងារ បានឲ្យដឹងថា ជំនាញចំនួន៥ ដែលទីផ្សារការងារកំពុងត្រូវការ រួមមាន ផ្នែកសំណង់, ផ្នែករថយន្ត, ផ្នែកអេឡិចត្រូនិក, ផ្នែកអគ្គិសនី, និងផ្នែកកាម្មន្តសាល។

លោកបន្ថែមថា នៅទូទាំងប្រទេស បច្ចុប្បន្ន ក្រសួងការងារ មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន៣៨គ្រឹះស្ថាន ក្នុងនោះ២០គ្រឹះស្ថាន ទទួលបាន ISO ធានាផ្នែកការគ្រប់គ្រង។

ផ្ដល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន នៅក្រោយពេលប្រកាសលទ្ធផលប្រកួត, ជ័យលាភីលេខ១ លើជំនាញប្រក់ដំបូល លោក ខាត់ ធុច មកពីខេត្តសៀមរាប បានអំពាវនាវទៅកាន់ យុវជនទូទៅថា ធ្វើយ៉ាងណា ត្រូវចាប់ជំនាញអ្វីមួយឲ្យច្បាស់លាស់។

លោក ខាត់ ធុច និយាយយ៉ាងដូច្នេះថា «ឲ្យតែចេះជាង ជាងអីក៏ដោយ ឲ្យតែចេះប្រាកដ។ ខ្ញុំរស់ដោយសាររបរជាងនេះជាង១៧ឆ្នាំហើយ ក្នុងមួយខែ ជាមធ្យម ខ្ញុំរកបានចំណេញពី ៥០០ ទៅ៧០០ដុល្លារ ខែណាសម្បូរការងារ អាចដល់បាន ១,០០០ ឬ ១,២០០ដុល្លារ»

គួរបញ្ជាក់ថា ការប្រកួតប្រជែង ជាងសំណង់ប្រចាំឆ្នាំលើកទី២នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ អេសស៊ីជី ដែលមានគោលបំណងជួយលើកស្ទួយវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេលវែង។

អេសស៊ីជី សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរៀបចំឲ្យមានការប្រកួតប្រជែងជំនាញមេជាងសំណង់នេះ ចាប់តាំងពីឆ្នាំ២០១៨មក។

លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់របស់ SCG នៅកម្ពុជា បានថ្លែងថា កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ អេសស៊ីជី បានចូលរួមចំណែកដល់ការ ធ្វើឲ្យប្រសើរឡើង នៃវិស័យសំណង់នៅកម្ពុជា ខណៈដែលប្រទេសនេះ កំពុងត្រូវការចាំបាច់នូវពលកម្មជំនាញច្រើនថែមទៀត ជាពិសេស នៅក្នុងវិស័យសំណង់។

លោក វីរុត បាននិយាយដូច្នេះថា «អេសស៊ីជី សង្ឃឹមថា កម្មវិធីនេះ នឹងក្លាយជាផ្នែកមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា មិនមែនតែនៅក្នុងវិស័យសំណង់នោះទេ ប៉ុន្តែ ក៏រួមចំណែកដល់ការលើកកម្ពស់គុណភាព រស់នៅរបស់ម្ចាស់លំនៅដ្ឋាន និងប្រជាពលរដ្ឋកម្ពុជា ទូទៅផងដែរ»