(ភ្នំពេញ)៖ លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែបន្តស្វាគមន៍ និងបន្តជំរុញលើកទឹកចិត្ត ចំពោះការវិនិយោគ ពីក្រុមហ៊ុនបរទេសមកកម្ពុជា ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិន។

ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួម ក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូសន្និសីទសេដ្ឋកិច្ចប្រចាំឆាំ្ន២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទៀជីវ សកលលោកអាណត្តិទី៥ និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា ដែលរៀបចំធ្វើឡើង នៅវិមានកោះពេជ្រ (City Hall) រាជធានីភ្នំពេញ នាយប់ថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លើសពីនោះទៀត លោកស្រី ម៉ែន សំអន បានបន្ថែមថា រាជរដ្ឋាភិបាល នឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ហើយបន្តលើកកម្ពស់ បរិយាកាសវិនិយោគ និងធុរកិច្ច ក្នុងគោលដៅបង្កើនភាព ប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។

លោកស្រីកត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ កម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ថែមទៀតថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចជាមធ្យម ប្រមាណ៧% ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេស មានការកើនឡើង និងមានជីវភាពរស់នៅ កាន់តែប្រសើរ។

លោកស្រីបន្ដថា ដោយឡែក រាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ជាមជ្ឈមណ្ឌល ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក ដោយមានលំនៅដ្ឋាន ហាងលក់ទំនិញ ការិយាល័យ សណ្ឋាគារ មណ្ឌលកំសាន្ត និងអគារខ្ពស់ៗជាច្រើន កំពុងតែសាងសង់ និងរីកដុះដាលយ៉ាងច្រើនសន្ធឹកសន្ទាប់ ដែលបានបម្រើដល់ការធ្វើអាជីវកម្ម ការស្នាក់នៅ និងធ្វើការងារប្រកបដោយផាសុខភាព។

ទន្ទឹមគ្នានោះ លោកស្រី ម៉ែន សំអន ក៏បានបញ្ជាក់ផងដែរថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំវប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុង រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវប្បធម៌ និងទេសចរណ៍។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តនយោបាយបើកចំហរ ទាក់ទាញវិនិយោគពីក្រៅប្រទេស ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា ពាណិជ្ជករចិនទាជីវ ដែលមកពីបណ្តាប្រទេសជិត៣០០នាក់ សុទ្ធតែជាពាណិជ្ជករឆ្នើម លើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យាទំនើប -ល-។ ពួកគាត់សង្ឃឹមថា តាមរយៈពិធីសន្និសីទសេដ្ឋកិច្ចឆ្នាំនេះ កាន់តែយល់ពីសក្តានុពលកម្ពុជា នឹងឈានដល់ធ្វើការសម្រេចចិត្ត វិនិយោគនៅកម្ពុជា។

ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា រូបនេះ សង្ឃឹមថា សន្និសីទសេដ្ឋកិច្ចលើកនេះ នឹងក្លាយជាវេទិកាដ៏ធំមួយ សម្រាប់ការអនុវត្តពាណិជ្ជកម្មវិនិយោគ និងផ្លាស់ប្តូរបទពិសោធន៍ទ្វេភាគី។ អ្នកឧកញ៉ាសូមស្វាគមន៍ យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូចិនទាជីវ និងអ្នកវិនិយោគទុនទាំងអស់ ដែលបានចូលរូមក្នុងសន្និសីទសេដ្ឋកិច្ចលើកនេះ ក្នុងការស្វែងយល់ពីសក្តានុពល និងបរិស្ថានវិនិយោគនៅកម្ពុជា៕