(ប៉ៃលិន)៖ ក្នុងពិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានព្រមានចាត់វិធានការក្តៅ ដោយធ្វើការផាកពិន័យ ចំពោះប្រជាពលរដ្ឋណាដែលចោលសំរាមពាសវាលពាសកាល និងអំពាវនាវឱ្យចូលរួមសហការជាមួយក្រុមហ៊ុនអនាម័យខេត្ត ដើម្បីរួមគ្នាកែលំអ និងចូលរួមថែរក្សាអនាម័យទីក្រុងអោយបានស្អាត សំដៅលើកកម្ពស់សោភ័ណភាព អនាម័យ ផាសុខភាពគ្រប់ទីកន្លែង។

នៅក្នុងពិធីនេះដែរ ក៏មានកាអញ្ជើញចូលរួមពីសំណាក់លោក សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជនកាយរីទ្ធិ និងយុវជនកាកបាទក្រហម ប្រមាណជាង ៦០០នាក់។

អភិបាលខេត្ត បានជំរុញមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបំផុសដល់បងប្អូនប្រជាពលរដ្ឋឲ្យមានស្មារតីម្ចាស់ការក្នុងការធ្វើអនាម័យ និងសំអាតតាមគេហដ្ឋានរៀងៗ ខ្លួនព្រមទាំងយកចិត្តក្នុងការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យក្រុង ស្រុក ឃុំសង្កាត់ មានបរិស្ថានស្អាត មានភាពបៃតងស្រស់ ឲ្យស្របទៅនិងប្រធានបទ៖ រួមគ្នាដើម្បី បរិស្ថានស្អាត និងទិសស្លោក ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ។

ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា ការរៀបចំពិធីនេះឡើងមានគោលបំណងបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថាន ធ្វើឲ្យបរិស្ថានស្អាត គ្មានសំរាមពាសវាលពាសកាល បណ្តុះគំនិតស្មារតី ឲ្យមហាជនទូទៅមានការយល់ដឹងនិងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» គឺចូលរួមធ្វើអនាម័យសម្អាតទីក្រុង ទីប្រជុំជន សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានស្អាតនិស្រស់បំព្រង ដូច្នេះប្រជាពលរដ្ឋគ្រប់ទិសទី និងយុវជនសសយក យុវជនកាយរិទ្ធ សិស្សានុសិស្ស ទាំងអស់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងបន្ថែមទៀតពី ស្ថានធ្ងន់ធ្ងរនៃសំរាមដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស ត្រូវលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការប្រើប្រាស់ គ្រប់គ្រង ការវេចខ្ចប់ ការញែកសំណល់សំរាម ក៏ដូចជាផលប៉ះពាល់ជាវិជ្ជមានផ្សេងៗ ដែលបណ្តាលមកពីកាក សំណល់ ទឹកកខ្វក់ សំរាមប្លាស្ទិក និងសំណល់គ្រោះថ្នាក់ផ្សេងៗ ដែលវាធ្វើឲ្យមាន ផលប៉ះពាល់ដ៏យូរអង្វែងដល់បរិស្ថាន ក្នុងការចូលរួមផ្សព្វផ្សាយទប់ស្កាត់អោយបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងបញ្ហាសំរ៉ាមនេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា៖ ករណីសំរាមនៅតែជាបញ្ហាចោត ដោយសារប្រជាពលរដ្ឋមួយចំនួន គាត់មិនបានចូលរួមសហការជាមួយក្រុមហ៊ុនអនាម័យខេត្ត ហើយបានយកសំរាមទៅបោះចោលពាលវាលពាសកាល តាមទីសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។

បើតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន បានអោយដឹងថា៖ ខេត្តប៉ៃលិន រយៈពេល៤ ឆ្នាំ ចុងក្រោយ ទិន្នន័យសំណល់រឹង មានការកើនឡើងជាលំដាប់ ក្នុងឆ្នាំ២០១៦-២០១៧ បរិមាណសំរាមមានចំនួន ៣០.៥០តោនក្នុងមួយថ្ងៃ និងក្នុងឆ្នាំ២០១៨-២០១៩ បរិមាណសំរាមមានចំនួន ៣៦.៤០តោនក្នុងមួយថ្ងៃ ដែលមានវិសាលភាពនៃការគ្រប់គ្រងបរិស្ថានមានផ្ទៃដីរួម១០៦២ គីឡូម៉ែត្រការ៉េ៕