(ភ្នំពេញ)៖ លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទោះបីទទួលរងឥទ្ធិពលអន្ដរជាតិក្ដី ក៏សេដ្ឋកិច្ចប្រទេសកម្ពុជានឹងសម្រេចបាន ក្នុងអត្រា៧.១% ក្នុងឆ្នាំ២០១៩នេះ។

ការលើកឡើងបែបនេះ របស់មន្ដ្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ផាន់ ផល្លា បានអះអាងបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ទុកអំពីកំណើនសេដ្ឋកិច្ចជាតិ ដោយក្នុងការព្យាករណ៍នោះមើល លើកត្តាក្នុងស្រុក និងកត្តាអន្តរជាតិ ហើយរយៈពេល៣-៤ឆ្នាំមកនេះកត្តាអន្តរជាតិ ជាកត្តាកំណត់កំណើនសេដ្ឋកិច្ច។

លោកបញ្ជាក់បន្ថែមថា កត្តាអន្តរជាតិមាន៣ ដែលកំណត់កំណើនសេដ្ឋកិច្ចជាតិរួមមាន៖
១៖ ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល បើយោងតាមមូលនិធិរូបិយវត្ថុអន្ដរជាតិ ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះ៣.៣% មកដល់៣.០%។
២៖ ជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ដែលប្រទេសទាំង២ជាទីផ្សារធំរបស់កម្ពុជា ក្នុងការនាំចេញ។
៣៖ ភាពមិនប្រាកដប្រជានៃភាពអនុគ្រោះពាណិជ្ជកម្មពីដៃគូពាណិជ្ជកម្មកម្ពុជា។

លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា ឆ្នាំ២០១៩នេះទោះបីជាមានឥទ្ធិពលកត្តាទាំង៣ខាងលើនេះក្ដី ក៏កំណើនសេដ្ឋកិច្ចជាតិ សម្រេចបានកំណើន៧.១% ដូចការព្យាករណ៍ទុកកាលពីចុងឆ្នាំ២០១៨។ តាមតួលេខក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ អ្វីៗនៅល្អប្រើសើរដោយអាចសន្និដ្ឋានបានថា ឆ្នាំនេះយើងអាចសម្រេចកំណើនសេដ្ឋកិច្ចបាន៧.១% ប៉ុន្ដែសម្រាប់ឆ្នាំក្រោយកំណើនសេដ្ឋកិច្ច នឹងថមថយមកត្រឹម៦.៥% ដែលការថមថយនេះ បណ្ដាលមកពីកត្តាទាំង៣ខាងលើ ដោយធ្លាក់ចុះចំនួន០.៦% បើធៀប២០១៩»។

លោកបានបញ្ជាក់ថា «ខ្ញុំចង់ជម្រាបជូនថា ទោះបីជាយើងធ្លាក់ចុះ០.៦% ប៉ុន្ដែកំណើន៦.៥% ក៏ជាកំណើនដ៏ខ្ពស់ ដោយប្រទេសមួយចំនួនមិនអាចសម្រេចបាន៦.៥%នេះផង។ ទោះបីជាកំណើនសេដ្ឋកិច្ចធ្លាក់បន្ដិចមែន ប៉ុន្ដែកំណើននេះត្រូវបានរក្សាក្នុងកំណើនមួយដ៏ខ្ពស់»

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានក្នុងអត្រា៧ភាគរយ ក្នុងឆ្នាំ២០១៩នេះ។ ការរក្សាបានកំណើន៧%នេះ បណ្ដាលមកពីសកម្មភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការក្នុងស្រុកខ្លាំង ជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យ នៅរក្សាបានភាពស្វាហាប់។

តាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងមានអាត្រាកំណើន៧ភាគរយនៅឆ្នាំ២០១៩នេះ ដែលជាកំណើនខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្ដាប្រទេស ជាសមាជិកអាស៊ានដទៃទៀត៕