(ភ្នំពេញ)៖ ដើម្បីផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ដែលអាចឲ្យក្រុមគ្រូពេទ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា អាចតាមទាន់ការរីកចម្រើន នូវបច្ចេកវិទ្យាអង់ដូស្កូបពី របស់ពិភពលោកនោះ គ្រូពេទ្យនៃមនី្ទរពេទ្យកាល់ម៉ែត បានទទួលការបណ្តុះបណ្តាលជំនាញថតឆ្លុះ ក្រពះ ពោះវៀន តាមបច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមគ្រូពេទ្យ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី ប្រធានការិយាល័យបច្ចេកទេស នៃមនី្ទរពេទ្យកាល់ម៉ែត បានឲ្យដឹងថា នៅក្នុងសិក្ខាសាលាលើកទី១៧ របស់សមាគមអន្តោទស្សន៍កោសល្យ ប្រដាប់រំលាយអាហារ អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសកម្ពុជា ស្តីពី ការថតឆ្លុះ ក្រពះ ពោះវៀន តាមបច្ចេកវិទ្យាទំនើបចុងក្រោយដោយពន្លឺ NBI រៀបចំឡើងរយៈពេល០២ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៩តទៅ។

លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានបញ្ជាក់ថា សិក្ខាសាលានេះ បានបង្ហាញឲ្យឃើញពីការរីកចម្រើនថ្មីមួយទៀត របស់ក្រុមគ្រូពេទ្យក្នុងជំនាញថ្លើម ក្រពះ ពោះវៀន។ សិក្ខាសាលានេះទៀតសោត នឹងផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ដែលអាចឲ្យក្រុមគ្រូពេទ្យ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា អាចតាមទាន់ការរីកចម្រើននូវបច្ចេកវិទ្យាអង់ដូស្កូបពី របស់ពិភពលោក។

លោកអះអាងថា នេះជាសញ្ញាមួយបញ្ជាក់នូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងភាគីមិត្តប្រទេសនៅឥណ្ឌូចិន និងប្រទេសកម្ពុជា ព្រោះគោលបំណងចម្បង ក្នុងឱកាសនេះ គឺការផ្សព្វផ្សាយព្រមទាំងផ្លាស់ប្តូរនូវវិធីសាស្រ្ត បទពិសោធន៍ ពិនិត្យព្យាបាល និងការថែទាំ តាមបែបវិទ្យាសាស្រ្ត នៃការធ្វើអង់ដូស្កូបពី ដែលមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវគុណភាពទំនុកចិត្ត សម្រាប់អ្នកជំងឺដែលមកទទួលយកសេវាសុខមាលភាពនៅមនី្ទរពេទ្យ នៃប្រទេសកម្ពុជា។

លោកបន្ថែមថា អ្វីដែលរឹតតែពិសេស បន្ថែមពីលើបទបង្ហាញ ជាទ្រឹសី្តក៏មានការបង្ហាញជាការអនុវត្តន៍ផ្ទាល់ ដែលត្រូវបានធ្វើឡើងពីសំណាក់ ក្រុមគ្រូពេទ្យឯកទេស ដែលនេះសុទ្ធសឹងជាគុណប្រយោជន៍ទ្វេដងបន្ថែមទៅលើការពន្យល់ឲ្យកាន់តែច្បាស់ និងប្រសិទ្ធភាពខ្ពស់។

លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី សង្ឃឹមថា សិក្ខាសាលារយៈពេល០២ថ្ងៃនេះ នឹងនាំមកនូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដែលអាចឆ្លើយតបទៅនឹង តម្រូវការរបស់វិស័យសុខាភិបាល ដែលកំពុងតែមានការអភិវឌ្ឍដ៏ខ្លាំងក្លាទាំងក្នុងពេលបច្ចុប្បន្ន និងតម្រូវការនាពេលអនាគត។ ជាពិសេសសិក្ខាកាមទាំងអស់ នឹងព្យាយាមត្រង់ត្រាប់ យកចិត្តទុកដាក់ក្រេបយកចំណេះដឹងថ្មីៗ យកទៅអនុវត្តន៍ ដើម្បីគោលដៅតែមួយ គឺផ្តល់ជូនអ្នកជំងឺនូវសេវាសុខមាលភាព កាន់តែប្រសើរ គឺផ្តល់នូវទំនុកចិត្ត គុណភាព ប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោកសាស្រ្តាចារ្យ Seigo Kitano ប្រធានសមាគមអាស៊ីប៉ាស៊ីហ្វិក ឆ្លុះក្រពះ ពោះវៀន លោកបានសម្តែងនូវការរីករាយ ដែលបានធ្វើកិច្ចសហប្រតិបតិ្តការជាមួយ សមាគមឆ្លុះក្រពះ ពោះវៀនកម្ពុជា ដើម្បីចែករំលែកចំណេះដឹងថ្មីៗ លើវិស័យវេជ្ជសាស្រ្ត ជូនដល់ក្រុមគ្រូពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា៕