(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយប្រធាន អនុប្រធានមុខព្រួញខេត្តកំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសារាចរលេខ ១១ សរណន ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក នៅសាលប្រជុំខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំផ្សព្វផ្សាយសារាចរខាងលើនេះ មានការអញ្ជើញចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ មន្ទីរនានាជុំវិញរដ្ឋបាលខេត្ត អភិបាល នៃគណៈអភិបាលស្រុក-ក្រុង ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រធានសហគមន៍កសិករប្រើប្រាស់ទឹកទូទាំងខេត្តសរុបជិត ៣០០នាក់។

ជាកិច្ចចាប់ផ្តើមអភិបាលខេត្ត ជំនួសមុខឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋមន្រ្តី និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសារាចររបស់រាជរដ្ឋាភិបាលនាថ្ងៃនេះ។

លោកអភិបាលខេត្ត ក៏បានធ្វើសេចក្តីរាយការណ៍ពីភាពរីកចំរើន និងបញ្ហាប្រឈមមួយ ចំនួនពាក់ព័ន្ធនឹងគ្រោះទឹកជំនន់ ការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត នាបណ្តាឆ្នាំកន្លងមក។

ជាមួយគ្នានេះ ដើម្បីឲ្យគោលនយោបាយទឹកសម្រាប់ការងារបង្កបង្កើនផលមានភាពកាន់តែល្អ និងប្រសើរឡើង លោកអភិបាលខេត្ត ក៏បានសំណូមពរចំពោះរដ្ឋមន្រ្តីបង្កើតឡើងនូវអាងទឹក ប្រព័ន្ធធារាសាស្រ្តឲ្យបានច្រើន និងសាងសង់នូវស្ថានីយបូមទឹកខ្នាតធំមួយកន្លែង ដើម្បីផ្គត់ផ្គង់ទឹកដល់ស្រុកចំនួន ៣ របស់ខេត្តផងដែរ។

លោក លឹម គានហោ ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងទាំងអស់ បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រសួងធនធានទឹក និងឧតុនិយម ចុះមកធ្វើការផ្សព្វផ្សាយនូវសារាចរនេះ។ ការប្រែប្រួលអាកាសធាតុ ជាប្រធានបទមួយដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ពិសេសលើបញ្ហាសន្តិសុខទឹក ជាក់ស្តែង ចាប់ពីបច្ចុប្បន្នរហូតដល់ពេលមានភ្លៀងធ្លាក់សារជាថ្មីនៅក្នុងឆ្នាំ២០២០ខាងមុខ។

បន្ទាប់ពីទទួលបាននូវសារាចរ ក្នុងនាមរដ្ឋមន្រ្តីជាប្រធានស្ថាប័ន បានចាត់តាំងថ្នាក់ដឹកនាំក្រសួងដែលទទួលមុខព្រួញទាំង ២៥ រាជធានី ខេត្ត ចុះធ្វើការផ្សព្វផ្សាយជូនអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ យកទៅអនុវត្ត ពិសេសបងប្អូនប្រជាពលរដ្ឋឲ្យយល់ជ្រួតជ្រៀប និងទូលំទូលាយពីសារៈសំខាន់របស់ទឹក ក្នុងន័យធ្វើយ៉ាងចូលរួមគ្រប់គ្រង និងថែរក្សាទឹកឲ្យបានល្អប្រសើរ ចៀសវាងមានសភាពការណ៍កើតឡើងដូចនាឆ្នាំ២០១៥-២០១៦។

ចំពោះសំណូមពររបស់អភិបាលខេត្ត, រដ្ឋមន្រ្តីបានសម្រេចផ្តល់ជូនស្ពានបេតុងមួយកន្លែង កាត់ប្រឡាយមេរលាំងជ្រៃខាងជើង ត្រង់ចំណុចភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន និងចាត់អ្នកបច្ចេកទេស ចុះធ្វើការសិក្សាជាបន្ទាន់ក្នុងការតម្លើងស្ថានីយបូមខ្នាតធំមួយគ្រឿង សម្រាប់ជួយ ដល់ស្រុកសំរោងទង គងពិសី និងស្រុកបសេដ្ឋ។

សមិទ្ធផលដែលកើតមានឡើងនៅពេលនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានការរីកចំរើនលើគ្រប់វិស័យ ដែលយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សា និងការពារឲ្យបាន។

លោក វ៉ី សំណាង បានលើកឡើងថា អាស្រ័យដោយភូមិសាស្ត្រ និងលក្ខណៈពិសេសរបស់ខេត្តស្ទើរតែជារៀងរាល់ឆ្នាំជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ញួតតែងគម្រាមកំហែងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០១៨ កន្លងទៅត្រូវជួបប្រទះគ្រោះទឹកជំនន់រហូត ៣លើក ធ្វើឱ្យខូចខាតផលដំណាំប្រមាណចំនួន ៤.៦០០ហិកតា និងគ្រោះរាំងស្ងួតចំនួន ១លើកនៅក្នុងស្រុកសំរោងទង ប៉ះពាល់ចំនួន ៥ឃុំ និងស្រុកគងពិសីប៉ះពាល់ចំនួន ១ឃុំ ដែលធ្វើឱ្យសំណាប សន្ទូង និងផលដំណាំផ្សេងៗរបស់ប្រជាកសិករខូចខាត និងបានជះឥទ្ធិពលដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជារាស្រ្តយើងថែមទៀតផង។

លោកអភិបាល បានបន្តទៀតថា ក្នុងឆ្នាំ២០១៩នេះ គិតមកដល់បច្ចុប្បន្ន កម្រិតទឹកភ្លៀងជាមធ្យមទូទាំងខេត្តមានកម្ពស់១០១០.៣ មម បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ទាបជាងចំនួន ២៨៩.៩ មម ស្រុកដែលទទួលទឹកភ្លៀងតិចជាងគេមានស្រុកគងពិសី ឯក្រុងស្រុកចំនួន ៧ទៀត បានទទួលទឹកភ្លៀងជាមធ្យម។ ឆ្នាំនេះការងារបង្កបង្កើនផលស្រូវរដូវវស្សាត្រូវជួបការលំបាក និងយឺតយ៉ាវបន្តិចមែន ប៉ុន្តែយើងនូវតែអនុវត្តបានចំនួន ១១៤.៩៩៤ ហ.ត ស្មើនឹង១០១.២៣% នៃផែនការ ១១៣.៦០០ ហ.ត លើសផែនការចំនួន ១.២៣%។
លោកថា «សម្រាប់ការងារប្រមូលផលស្រូវស្រាល និងស្រូវកណ្តាល យើងទើបតែនឹងអនុវត្តបានចំនួន ១១.០៩១ ហ.ត ស្មើនឹង ៩.៦៤% តែប៉ុណ្ណោះ ហើយសង្ឃឹមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងខិតខំធ្វើឱ្យសម្រេចបានទៅតាមផែនការ។ កន្លងមកយើងតែងជួបបញ្ហាប្រឈមទឹកជំនន់ និងគ្រោះរាំងស្ងួតជារឿយៗ ដែលទឹកជំនន់ទឹកភ្លៀងតែងតែកើតមាននូវពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា នៅតាមតំបន់ក្បែរៗស្ទឹងមានរយៈពេលខ្លី មិនបង្កការខូចខាតធ្ងន់ធ្ងរដល់ដំណាំកសិកម្មឡើយ។ គ្រោះរាំងស្ងួតតែងតែជួបប្រទះជារៀងរាល់ឆ្នាំ (កូនរដូវប្រាំងតែងកើតមានចន្លោះពីពាក់កណ្តាលខែកក្កដា ដល់ពាកកណ្តាលខែកញ្ញា) មានស្រុកបីគឺ ស្រុកគងពិសី ស្រុកសំរោងទង ស្រុកភ្នំស្រួច សម្រាប់ឆ្នាំ២០១៩នេះ បរិមាណទឹកភ្លៀងបានតែប្រមាណ ៩០០ មម បង្កឲ្យមានផលប៉ះពាល់ដល់ស្រូវប្រមាណពី ៧‍-៨ %។

ទន្ទឹមនឹងនេះដែរ ស្ថិតក្នុងស្ថានភាពការលំបាក់នេះដោយមានជួយឧបត្ថម្ភជ្រោមជ្រែងពីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានខិតខំប្រឹងប្រែងប៊ូមទឹកជួយអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សាឆ្នាំ២០១៩ នេះនៅទូទាំង ០៨ ក្រុង ស្រុក ដែលជួបប្រទះគ្រោះរាំងស្ងួតសរុបបានចំនួន ៣.៤១៦ហិកតា៕