(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែផ្តោតលើការស្វែងរក ករណីថ្មីជំងឺហង់សិន ឬជំងឺឃ្លង់ និងការព្យាបាលប្រកបដោយប្រសិទ្ធិភាព ជាមួយថ្នាំច្រើនមុខ។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពី ការប្រកាសលទ្ធផល ក្រោយបញ្ចាប់គំរោងផ្តល់ថ្នាំបង្ការ ដល់ជនប៉ះពាល់ជំងឺហង់សិន ឬជំងឺឃ្លង់ ដែលរៀបចំធ្វើឡើង នៅភោជនីយដ្ឋាន ទន្លេបាសាក់ទី២ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «យើងដឹងថា ដំណាក់កាលសំងំរោគនៃជំងឺ (ជំងឺហង់សិន ឬជំងឺឃ្លង់) នេះ មានរយៈពេលយូរ អាចមានពី៣ឆ្នាំ និងលើសពីនេះ រហូតដល់១០ឆ្នាំ ឬក៏លើសពីនេះទៀតក៏មាន វានិងបន្តមានករណីថ្មី ច្រើនឆ្នាំខាងមុខទៀត។ ក្រសួងសុខាភិបាល នៅតែផ្តោតលើការស្វែងរក ករណីថ្មីជំងឺហង់សិន និងការព្យាបាលប្រកបដោយប្រសិទ្ធិភាព ជាមួយថ្នាំច្រើនមុខ»

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងទៀតថា ទោះបីក្រសួងសុខាភិបាល បានកាត់បន្ថយជំងឺនេះ ជាបញ្ហាសុខភាពសាធារណៈក៏ដោយ ក៏ប៉ុន្តែមិនទាន់បានលុបបំបាត់ទាំងស្រុងនោះទេ។ មានន័យថា ការចម្លងកំរិតទាប និងនៅតែបន្តដែលជាលទ្ធផល ការកើតឡើងករណីថ្មីនៅតែមាន។

លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងថា ការផ្សព្វផ្សាយពីជំងឺហង់សិន តាមសហគមន៍ និងបុគ្គលិកផ្នែកសុខភាពនៅគ្រប់កំរិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ស្វែងរកករណីថ្មី ការព្យាបាលជាពិសេស ពេលដែលអត្រាប្រេវ៉ាឡង់ កាន់តែទាបទៅៗ។ លទ្ធផលដ៏ធំធេង ដែលទទួលបានពេលនេះ ដោយសារមានការចូលរួម ពីគ្រប់ភាគីទាំងអស់។

ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានថ្លែងអំណរគុណដល់អង្គការទាំងអស់ ដែលបានជួយប្រយុទ្ធប្រឆំាង និងជំងឺហង់សិន។ លោកស្រី រំពឹងយ៉ាងមុតមាំថា ពួកគាត់ និងបន្តជួយលើការងារ ជំងឺហង់សិនក្នុងភាពជាដៃគូ ជាមួយក្រសួងនៅឆ្នាំខាងមុខទៀត។

លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងផងដែរថា នៅឆ្នាំ២០១៩ ក្រសួងសុខាភិបាល បានផ្តោតសំខាន់បន្ថែម លើការបន្តការតភ្ជាប់ និងបំពេញចន្លោះប្រហោង រវាងសហគមន៍ និងសុខភាពដោយពង្រឹងចំណេះដឹង ប្រជាជនឲ្យពួកគាត់មកទទួលការពិគ្រោះជំងឺ និងការព្យាបាល។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា លើសពីនោះទៀត ក្រសួងបានលើកទឹកចិត្ត និងជុំរុញឲ្យថ្នាក់-ខេត្ត ធ្វើការជាមួយអ្នកស្ម័គ្រចិត្តភូមិ និងអង្គកាក្រៅរដ្ឋាភិបាល ហើយក៏មានយុទ្ធនាការផ្សព្វផ្សាយ តាមរោងចក្រ និងប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។

សូមបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែង នៅក្នុងសកម្មភាពរបស់កម្មវិធី នាក់ប្រយុទ្ធនិងជំងឺហង់សិន និងមានការគាំទ្រពីថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ព្រមទាំងការចូលរួមពីដៃគួរអភិវឌ្ឍន អត្រាប្រេវ៉ាឡង់នៃជំងឺនេះ បានធ្លាក់ចុះពីចំនួន២ លើ១០,០០០នាក់ និងករណីថ្មីចំនួន៩៤៥នាក់ នៅឆ្នាំ១៩៩៣ មកចំនួន០.១ លើ១០,០០០នាក់ និងករណីថ្មី ចំនួន៨០នាក់ នៅឆ្នាំ២០១៩៕