(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញមកប្រកាសបដិសេធចោលទាំងស្រុង ចំពោះគណនី Facebook មួយដោយយករូបលោកទៅប្រើប្រាស់ ដាក់ក្នុង Profile ហើយបង្ហោះសារប្រមាថដល់ថ្នាក់ដឹកនាំ និងប៉ះពាល់ដល់ប្រទេសជាតិ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានអះអាងថា គណនី Facebook នោះមិនមែនជារបស់លោកឡើយ និងស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធមេត្ដាស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលយករូបលោកទៅប្រើប្រាស់ ហើយបង្ហោះសារប្រឌិត។

គួរជម្រាបថា នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏ជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ហើយគេតែងឃើញសកម្មភាពរបស់លោកបង្ហាញ និងបកស្រាយនូវអ្វីដែលជាសារសំខាន់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានតស៊ូលះបង់ ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ពិសេសពាក់ព័ន្ធវិមានឈ្នះឈ្នះ៕