(បាត់ដំបង)៖ ក្រុមប្រឹក្សាជាតិគណនេយ្យ និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសាខាពន្ធដារខេត្ត បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបច្ចុប្បន្នភាពនៃច្បាប់សារពើពន្ធ» សម្រាប់សហគ្រាសអ្នកជាប់ពន្ធនៅខេត្តបាត់ដំបង។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារខេមរាបាត់ដំបង១ ក្រោមអធិបតីភាពលោក ប៊ូ ថារិន អគ្គលេខាធិការក្រុមប្រឹក្សាគណនេយ្យ តំណាងលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្រ្តីរាជការសាខាពន្ធដារខេត្ត និងអាជីវករ សហគ្រាស អ្នកជាប់ពន្ធក្នុងខេត្តជាង ៣០០នាក់ចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការក្រុមប្រឹក្សាគណនេយ្យបានឡើងធ្វើបទបង្ហាញស្តីពី «ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម» ជូនដល់សហគ្រិនធុនតូចនិងមធ្យមទាំងអស់បានស្តាប់ ដោយបានពន្យល់តាមរយ:ការបញ្ចាំងស្លាយ។

បន្ថែមពីនេះមន្រ្តីជាន់ខ្ពស់ នៃអគ្គលេខាធិការក្រុមប្រឹក្សាគណនេយ្យ ក៏បានបន្តធ្វើបទបង្ហាញស្តីពី «ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ជូនដល់សិក្ខាកាមទាំងអស់បានយល់ច្បាស់ផងដែរ។

នៅក្នុងអង្គសិក្ខាសាលានេះ តំណាងអគ្គនាយកដ្ឋានពន្ធដារ ក៏បានឡើងធ្វើបទបង្ហាញស្តីពី «បច្ចុប្បន្នភាព នៃច្បាប់សារពើពន្ធ» និងបទបង្ហាញមួយទៀតដោយតំណាង ACCA ស្តីពី វិជ្ជាជីវៈគណនេយ្យករជំនាញដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ព្រមជាមួយគ្នានេះ អាជីវករ សហគ្រិនធុនតូច និងមធ្យមមួយចំនួន មានចម្ងល់បានឡើងសួរដល់ក្រុមការងារបច្ចេកទេស និងច្បាប់ពាក់ព័ន្ធមួយចំនួនដែលត្រូវបាននិង
កំពុងធ្វើការផ្សព្វផ្សាយនាពេលនេះ និងមានកិច្ចពិភាក្សាគ្នានិងមានចម្លើយខ្លះផងដែរ៕