(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកឡើងថា វិស័យសន្តិសុខឯកជន គឺជាវិស័យមួយដ៏សំខាន់ ក្នុងការចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមផងដែរ ហេតុនេះហើយទើបក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់គាំពារ ដើម្បីឲ្យមានស្ថិរភាព និងការរីកចម្រើន នៃវិស័យមួយនេះ។

ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី២៤ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលមានសិក្ខាកាមចូលរួមជាង២០០នាក់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា «វិស័យសន្តិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់»។

ប្រធាននាយកដ្ឋានរូបនេះ បានបន្តថា ក្នុងនាមជាភ្នាក់ងារសន្តិសុខឯកជន ត្រូវពោពេញទៅដោយសមត្ថភាពពេញលេញ ដូច្នេះហើយទើប អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ បានធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់ គឺស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាព ភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សម្ដៅធ្វើឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងកិច្ចការពារសន្តិសុខសង្គម។

លោក លឹម សុខារស្មី បានលើកឡើងថា វគ្គបំប៉ននេះ ធ្វើឡើងដោយយោងតាមស្មារតីសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ ក៏ដូចជាអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ក្នុងការគ្រប់គ្រង និងកសាងសមត្ថភាព បង្កើនចំណេះដឹង ផ្តល់បទពិសោធន៏បច្ចេកទេស ដែនកំណត់ភារៈកិច្ចទទួលខុសត្រូវ កិច្ចសហការផ្តល់កម្លាំងជំនួយរវាងសន្តិសុខឯកជន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញពីអគ្គិភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

ជាពិសេស ត្រូវយកចំណេះដឹងទាំងនេះទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល។

សូមរំលឹកថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីពេលថ្មីៗនេះ ភ្នាក់ងារសន្តិសុខឯក បានដើរតួយ៉ាងសំខាន់ផងដែរ ជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ក្នុងការចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឲ្យព្រះរាជពិធីមួយនេះ បញ្ចប់ទៅដោយភាពជោគេជ័យ៕