(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានសម្រេចតាមរយៈអនុក្រឹត្យ ដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការេពារធម្មជាតិតែមួយមានឈ្មោះថា «ដែនជម្រកសត្វព្រៃសៀមប៉ាង» ដែលមានផ្ទៃដីទំហំសរុបចំនួន ១៣៣៧០៧,៧៣ហិកតា។

«ដែនជម្រកសត្វព្រៃសៀមប៉ាង» ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។ នេះបើយោងតាមអនុក្រឹត្យ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ព្រំប្រទល់និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃសៀមប៉ាង នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យា សាស្ត្រដើម្បីធានាតម្លៃនិងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គម វប្បធម៌។ នៅពេលមិនទាន់បញ្ចូលគ្នា ដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីទំហំ ៦៦៩៣២ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច មានទំហំផ្ទៃដី ៦៥៣៨៩ហិកតា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិតែមួយនេះ នឹងជួយឱ្យមានការស្រួលដល់ការគ្រប់គ្រង និងអភិរក្សកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយនូវការិយាល័យធិបតេយ្យ ងាយស្រួលដល់ការធ្វើផែនការគ្រប់គ្រង និងចំណេញថវិកា។ ដែនជម្រកសត្វទាំងពីរនេះ មានទីតាំងភូមិសាស្រ្តនិងស្ថានភាពប្រព័ន្ធអេកូឡូស៉ី ដែលមានលក្ខណៈដូចគ្នា។

លោករដ្ឋលេខាធិការ បានថ្លែងថា ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាអតីតតំបន់សត្វស្លាបយ៉ាងសំខាន់ និងកន្លងទៅក៏បានទទួលការសិក្សា និងស្នើសុំបង្កើត «ព្រៃការពារ» តែមួយសម្រាប់អភិរក្សធនធានសេនេទិចរុក្ខជាតិ និងសត្វព្រៃផងដែរ។ ដែនជម្រកសត្វព្រៃ«សៀមប៉ាង» និង«សៀមប៉ាងខាងលិច» ភាគច្រើនគ្របដណ្តប់ទៅដោយព្រៃល្បោះស្ងួត ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅសាវាណា ដែលបន្តភ្ជាប់គ្នាឆ្លងព្រំប្រទល់នៃតំបន់ទាំងពីរ ដែលជាផ្នែកមួយនៃតំបន់អេកូឡូស៉ីព្រៃត្រូពិចស្ងួតទន្លេមេគង្គក្រោម ដែលជាផ្នែកមួយនៃតំបន់ជីវជម្រុះមានតម្លៃ នៅក្នុងតំបន់ឥណ្ឌូ-ភូមា មានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្ស។ នៅក្នុងតំបន់នេះសំបូរទៅដោយសត្វស្លាបកម្រដូចជាសត្វត្មោត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀលជាដើម។

តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ការដាក់បញ្ចូល ដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាលលិច ជាតំបន់ការពារធម្មជាតិតែមួយ ទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន (ឃុំ ស្រុក និងខេត្ត) ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។ លោកបានថ្លែងថា នេះគឺជាការរៀបចំផែនការជាក់លាក់លើការងារគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃទាំងពីរ ហើយក្រសួងបរិស្ថាន ដែលជាសមត្ថកិច្ចនឹងរៀបចំ និងគ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាង ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃ ច្បាប់ជាធរមាន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការរៀបចំគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃ សៀមប៉ាងនេះ គឺដើម្បីធានាឱ្យមានការថែទាំសត្វព្រៃ និងប្រព័ន្ធអេកូឡូស៉ី ព្រមទាំងធានាឱ្យមានការបំពេញ លក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ ក៏ដូចជាផ្តល់ផលិតផលនិងសេវា កម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍ មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ឱ្យបានគង់វង្ស។

សូមបញ្ជាក់ថា រហូតទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន ដែលមានផ្ទៃដីទំហំរហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៉ី បន្ទាប់ពីប្រទេសប៊ូតាន។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ កំពុងប្រតិបត្តិការការងារល្បាត និងអនុវត្តវិធានការច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិសរុបចំនួន ៥៦តំបន់ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ គ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណជាង ៧,២លានហិកតា។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារនិងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមានបច្ចុប្បន្ន ដើម្បីបន្សល់ទុកដល់ប្រជាពលរដ្ឋខ្មែរ រាប់ជំនាន់តទៅមុខទៀត៕