(កណ្តាល)៖ ជនពិការជិត ២ពាន់នាក់ នៅខេត្តកណ្តាល បានទទួលប័ណ្ណសង្គមកិច្ច និងបានបើកផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយរបស់រាជរដ្ឋាភិបាលពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារអាទិភាព នៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អំពីការអនុវត្តគោលនយោបាយពិការភាពតាមរយៈ ការពង្រឹងការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ព្រមទាំង ការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃសេវារបស់មូលនិធិជនពិការផងដែរ។

ក្នុងពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយចំពោះបងប្អូនជនពិការក្រីក្រក្នុងខេត្តកណ្តាល ធ្វើឡើងដោយមានការអញ្ជើញពីលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងលោកស្រី ជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មន្ត្រីសង្គមកិច្ច ភាគីពាក់ព័ន្ធ និងបងប្អូនជនពិការជាច្រើននាក់ទៀត។

លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ពិតណាស់ថ្វីត្បិតតែយើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនពិការយ៉ាងណាក៏ដោយក៏បងប្អូនជនពិការនៅមានឧបសគ្គ ជាច្រើនទៀត ដែលយើងត្រូវបន្តយកចិត្ត ទុកដាក់ ដោះស្រាយ បញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្តាប់បាន ព័ត៌មានគ្រប់ជ្រុងជ្រោយ។

លោកបានឲ្យដឹងថា ជាក់ស្តែងនៅក្នុងថ្ងៃនេះ ក្រសួងសង្គមកិច្ច បានរៀបចំពិធីចែកបណ្ណសង្គមកិច្ច និងបើកផ្តល់របបឧបត្ថមជូនជន ពិការចំនួន១,៦៥៣ នៅក្នុងស្រុក មុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បន្ថែមពីលើនេះ លោក ញ៉ឹក វណ្ណារ៉ា ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបង្កើនការងារលើវិស័យពិការភាព ឲ្យដំណើរការល្អបន្ថែមទៀតរួមមាន៖

១៖ បន្តសហការជាមួយមន្ទីរផែនការខេត្ត លើការបន្សំផែនការសកម្មភាពក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រនៅតាមសហគមន៍។
២៖ សហការជាមួយមន្ទីរ ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដែលមានការងារពាក់ព័ន្ធនឹងការស្តារលទ្ធភាពពលកម្មនៅសហគមន៍ធ្វើការចងក្រងជាប្រព័ន្ធគ្រប់គ្រង ព័ត៌មានពិការភាព ដើម្បីងាយស្រួលកំណត់ជនពិការទូទៅ ជាពិសេសជនពិការក្រីក្រ ក្នុងការផ្តល់របបគោលនយោបាយឱ្យបានល្អប្រសើរ។
៣៖ បន្តសហការជាមួយមន្ទីរសុខាភិបាល ក្នុងការកំណត់លក្ខណៈ វិនិច្ឆ័យប្រភេទ និងកម្រិតពិការភាព ជូនដល់ជនពិការដែល ត្រូវការបញ្ជាក់ដើម្បី ទទួលបានផលប្រយោជន៍ និងសេវានានា។
៤៖ ត្រូវបន្តជំរុញមន្ទីរ ស្ថាប័ន និងផ្នែកឯកជន ឱ្យទទួលជនមានពិការភាពចូលបម្រើការងារតាមអត្រាកំណត់ ២%សម្រាប់ស្ថាប័នរដ្ឋ និង ១% សម្រាប់វិស័យឯកជន។
៥៖ រដ្ឋបាលសិទ្ធិជនមានពិការភាពខេត្តកណ្តាល ត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះស្ថាប័នរដ្ឋ និងវិស័យឯកជន លើអត្រាទទួលជនពិការឱ្យចូលបម្រើការងារ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលបាននិងកំពុងដាក់ឱ្យអនុវត្តជាធរមាន។
៦៖ រៀបចំនីតិវិធីអន្តរាគមន៍លើសេវាយុត្តិធម៌ដល់ជនមានពិការភាព ក្នុងនោះមានការទទួលបណ្តឹងតវ៉ា និងដោះស្រាយសំណូមពររបស់ជនមានពិការភាព។
៧៖ បន្តជំរុញការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្តួចផ្តើមមុខរបបនិងផ្តរប្តឹងការងារជូនជនមានពិការភាពគ្រប់ប្រភេទ។

ជាមួយគ្នានោះ លោក ញ៉ឹក វណ្ណារ៉ា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរចេញចូល នៅទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅរបស់ជនមានពិការភាពឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃសេដ្ឋកិច្ចជាតិ ព្រមទាំងបានបំផុសលើកទឹកចិត្តដល់ពលរដ្ឋ សប្បរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានា ឱ្យចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាពផងដែរ។

គួរបញ្ជាក់ថា ការរអនុវត្តគោលនយោបាយ ខាងលើនេះ គិតចាប់ពីឆ្នាំ២០១៦ មក ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោល
នយោបាយជូនជនមានពិការភាពក្រីក្របានចំនួន ១១.៦២៨នាក់ ក្នុងនោះ៖

១- ខេត្តត្បូងឃ្មុំ ចំនួន ២.០០៩ នាក់
២- ខេត្តព្រៃវែង ចំនួន ១.៦៣៥ នាក់
៣- ខេត្តស្វាយរៀង ចំនួន ១.៦៩៨ នាក់
៤- ខេត្តប៉ៃលិន ចំនួន ១.៣១២ នាក់
៥- ខេត្តកំពង់ចាម ចំនួន ៦៣៤ នាក់
៦- ខេត្តកណ្ដាល ចំនួន ១.៦៥៣ នាក់
៧- ខេត្តកំពង់ធំ ចំនួន ៣១៣ នាក់
៨- ខេត្តកំពង់ស្ពឺ ចំនួន ៤២២ នាក់
៩- ខេត្តបាត់ដំបង ចំនួន ១.៤៧២ នាក់
១០- ខេត្តពោធិ៍សាត់ ចំនួន ៤៨០ នាក់។

ជាមួយគ្នានេះ ក្រសួងបាននិងកំពុងពិនិត្យក្នុងការផ្តល់របបគោល នយោបាយនេះ ទៅតាមបណ្តាខេត្តផ្សេងៗទៀតក្នុងក្របខណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាឱ្យបងប្អូនជនមានពិការភាព ក្រីក្រ អាចទទួលរបបតាមគោលការណ៍កំណត់៕