(ភ្នំពេញ)៖ អូស្ត្រាលីគឺជាប្រទេសមួយដែលបានផ្តល់អាហារូបករណ៍ជាច្រើនដល់និស្សិត និងមន្ត្រីរាជការរបស់កម្ពុជា ទាំងអាហារូបករណ៍រយៈពេលវែង និងអាហាររូបករណ៍រយៈពេលខ្លី ហើយរដ្ឋាភិបាលប្រទេសនេះ បានសន្យាផ្តល់អាហារូបករណ៍រយៈពេលខ្លី ឲ្យកាន់តែច្រើនបន្ថែមទៀតដល់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការអះអាងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាដែលចប់អាណត្តិ ចូលជួប ដើម្បីជម្រាបលា បន្ទាប់ពីលោកស្រីបានបញ្ចប់បេសកកម្មការទូតរបស់ខ្លួន។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «បញ្ហាអាហារូបករណ៍នេះ ឧបនាយករដ្ឋមន្ត្រីសម្តែងនូវសេចក្តីរីករាយ ដែលកន្លងមកអាហារូបករណ៍កម្រិតវែង ក៏អូស្ត្រាលីរក្សាឲ្យនៅដដែល គឺមិនកាត់បន្ថយទេ ប៉ុន្តែបន្ថែមនូវអាហារូបករណ៍ ដែលមានរយៈពេលខ្លី គឺនឹងបង្កើនថែមទៀត»។

បើតាមអ្នកនាំពាក្យរូបនេះ, អាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ដែលផ្តល់មកឲ្យកម្ពុជាសរុប តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩នេះ មានប្រមាណ ៨៥៣នាក់។ បើគិតតាំងពី ឆ្នាំ២០១៣ កន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់អាហារូបករណ៍មកកម្ពុជាប្រមាណពី ៤៥ទៅ៥០នាក់ក្នុងមួយឆ្នាំៗ។

នៅក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា លោកស្រី Angela Corcoran បានសម្តែងនូវសេចក្តីរីករាយ ដែលក្នុងរយៈពេលលោកស្រីបំពេញការងារការទូតនៅកម្ពុជាជាង ៣ឆ្នាំនេះ លោកស្រីពេញចិត្តយ៉ាងខ្លាំង ដោយសារមានកិច្ចសហប្រតិបត្តិការល្អពីភាគីកម្ពុជា ជាពិសេសពីក្រសួងការបរទេស ដែលធ្វើឲ្យបេសកកម្មលោកស្រីបានភាពជោគជ័យ។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថា ក្នុងបេសកកម្មរបស់លោកស្រី, លោកស្រីបានធ្វើឲ្យនិស្សិតកម្ពុជា ទទួលបានអាហារូបករណ៍ ទៅរៀននៅប្រទេសអូស្ត្រាលីចំនួន ១៧៨នាក់៕