(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ នៅមន្ទីរផែនការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សម្រាប់ខេត្តកំពង់ចាម នៅឆ្នាំ២០២០ខាងមុខនេះ និងមានគម្រោងចំនួន ៣៧០គម្រោងដើម្បីអភិវឌ្ឍន៍ និងអនុវត្តន៍ ដែលត្រូវចំណាយថវិកាអស់ ៣៨៩,២៣០លានរៀល។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា លទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានការគាំទ្រសរុបចំនួន ២,៦៥៧គម្រោង ស្មើនឹង៥៥% នៃគម្រោងស្នើឡើងចំនួន ៤,៨២៥គម្រោង ក្នុងនោះមានមន្ទីរអង្គភាពគាំទ្របានចំនួន ២,៣២៧គម្រោង អង្គការសង្គមស៊ីវិលគាំទ្របានចំនួន ៣២៩គម្រោង និងសប្បុរសជនចំនួន០១គម្រោង។ ដោយឡែកគម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្តមានចំនួន ២៤គម្រោង ដែលត្រូវចំណាយថវិកាសរុបអស់ ៥០,៣១២លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៧០គម្រោង ដែលត្រូវចំណាយថវិកាអស់ ៣៨៩,២៣០លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២០។

លោក អ៊ុន ចាន់ដា បានបន្ថែមថា គម្រោងទាំងនេះពិតជាស្ដែងឡើងនូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋមានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រជាបន្តបន្ទាប់។

ជាក់ស្តែងទិន្នន័យអំពីអត្រាកំណើនសេដ្ឋកិច្ចខេត្តបានបង្ហាញថា បីឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តបានរក្សាកំណើនសេដ្ឋកិច្ចនៅរង្វង់៦% ក្នុងមួយឆ្នាំ គឺឆ្នាំ២០១៦ មានចំនួន៦,១% ឆ្នាំ២០១៧ មានចំនួន ៥.៩% និងឆ្នាំ២០១៨ មានចំនួន៦.៥%។ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ (GDP) បានកើនពីចំនួន ១,៣៣៤ដុល្លារ នៅឆ្នាំ២០១៦ កើនដល់ចំនួន ១,៤១៩ដុល្លារ នៅឆ្នាំ២០១៧ និង ១,៥២២ដុល្លារនៅឆ្នាំ២០១៨។

ជាមួយគ្នានោះដែរលោកអភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់បន្ត្រីទាំងអស់ថា គម្រោងទាំងអស់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០- ២០ ២២) គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២០ សូមលោក-លោកស្រី ប្រធានមន្ទីរ អង្គភាព ជំរុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់តាមការកំណត់ ដោយធ្វើការសហ ការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ និងមានប្រសិទ្ធិភាព៕