(កំពត)៖ ក្រសួងផែនការ និងរដ្ឋបាលខេត្តកំពត និងភាគីវៀតណាម បានបើកកិច្ចប្រជុំផ្លាស់ប្តូរយោបល់ស្តីពី ការរៀបចំពង្រាងផែនការមេ តភ្ជាប់សេដ្ឋកិច្ចខេត្តជាប់ព្រំដែននៃប្រទេសទាំង២ សម្រាប់ឆ្នាំ ២០២១-២០៣០ ដោយបានផ្តោតសំខាន់ទៅលើ វិស័យសំខាន់ៗចំនួន៩ រួមមាន៖ វិស័យគមនាគមន៍, វិស័យវិនិយោគ, វិស័យហិរញ្ញវត្ថុ, វិស័យកសិកម្ម, វិស័យទេសចរណ៍, វិស័យរ៉ែ និងថាមពល, វិស័យបរិស្ថាន, វិស័យសុខាភិបាល និងខឿនសេដ្ឋកិច្ច។

កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត ដឹកនាំដោយលោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងលោក ជាវ តាយ អភិបាលខេត្តកំពត ចំណែកភាគីវៀតណាម ដឹកនាំដោយលោកស្រី ផាន់ ង៉ុកម៉ាយភឿង អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍យុទ្ធសាស្រ្ត នៃក្រសួងផែនការ នៃសារធារណរដ្ឋសង្គមនិយមវៀតណាម។

ឆ្លើយតបចំពោះគោលបំណងរបស់គណៈប្រតិភូវៀតណាម លោក ជាវ តាយ បានលើកបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលលើគ្រប់វិស័យដូចទាំង ៩ខាងលើ ហើយខេត្ត កំពតបានរៀបចំកិច្ចសហប្រតិបត្តិការ ដោយគ្រោងបង្កើតផ្សារតាមព្រំដែន សាងសង់កំពង់ផែចំនួន៥ ក្នុងនោះមាន កំពង់ផែអន្តរជាតិចំនួន១។

ជាមួយនេះ ខេត្តកំពត បាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ពីគ្រប់មជ្ឈដ្ឋានឲ្យមកទស្សនាកម្សាន្ត ហើយក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសស្ថាបនាផ្លូវទៅកាន់ប្រទេសវៀតណាមជាដើម។ ដោយឡែក រាល់បញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និងខេត្តគៀនយ៉ាង ក៏ដូចជា ប្រទេសវៀតណាម រដ្ឋបាលខេត្តកំពត នឹងខិតខំប្រឹងប្រែងឲ្យនៅកម្រិតអប្បបរមា តាមដែលអាចធ្វើបាន។

លោកអភិបាលខេត្តកំពត ក៏បានជម្រាបជូនទៀតថា កន្លងមកខេត្តកំពត មានកិច្ចសហប្រតិបត្តិការជាមួយខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កិច្ចសហប្រតិបត្តិការ នៃខេត្តទាំងពីរ ក៏មានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តទាំងពីរ ដែលបានខិតខំប្រឹងប្រែងប្តេជ្ញាអនុវត្តឱ្យបានល្អ នូវបណ្តាសន្ធិសញ្ញាកិច្ចព្រមព្រៀង និងកំណត់ហេតុ ដែលរដ្ឋាភិបាលក៏ដូចជាបណ្តាក្រសួងស្ថាប័នថ្នាក់ជាតិ នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា រួមចំណែកនាំមកនូវសមិទ្ធិផល រីកចម្រើនលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ និងការការពារជាតិ ជូនប្រជាជន នៃខេត្តទាំងពីរ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ លោក ហូ តាំងអេង និងលោកស្រី Phan Ngoc Mai Phuong និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលចំណាយពេលវេលាដ៏មានតំលៃ ដើម្បីមកពិភាក្សា និងស្វែងយល់អំពីព័ត៌មានរបស់ខេត្តកំពត សម្រាប់រៀបចំសេចក្ដីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដល់ឆ្នាំ២០៣០។

លោកស្រី ផាន់ ង៉ុកម៉ាយភឿង បានលើកឡើងថា កន្លងមកក៏មានការសហប្រតិបត្តិការគ្នារវាងខេត្តកំពត និងខេត្តគៀងយ៉ាង នៃប្រទេសវៀតណាម និងបានខិតខំបន្តទៀត ដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតទៅទៀត។

លោកស្រី ផាន់ ង៉ុកម៉ាយភឿង បានបញ្ជាក់ទៀតថា ចំពោះវិស័យដែលនៅសេសសល់មិនទាន់បានធ្វើសហប្រតិការនោះ លោកស្រីបានស្នើរ និងសំណូមពរដល់រដ្ឋបាល ខេត្តកំពត ឲ្យបន្តធ្វើកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរដូចជាវិស័យកំពង់ផែ និងការរកស៊ីទទួលទានឆ្លងដែនស្របច្បាប់ របស់ប្រជាជនប្រទេសទាំងពីរជាដើម ធ្វើយ៉ាងណាឲ្យប្រជាជនមានជីវភាព កាន់តែប្រសើរឡើងថែមទៀត និងធានាសន្តិសុខ សុវត្ថិភាពទាំងផ្លូវទឹក ផ្លូវគោក ជូនប្រជាជនប្រទេសទាំងពីរ ក្នុងការប្រកបរបររកស៊ី ដូចជាធានាសុវត្ថិភាព ក្នុងពេលជួបឧបសគ្គ ពេលទូកធ្វើនេសាទសមុទ្រជាដើម ដូចជាខ្យល់ព្យុះកើតឡើងជាយថាហេតុ និងបន្តទំនាក់ទំនងសហប្រតិបត្តិការ លើវិស័យ ហិរញ្ញវត្ថុ ធនាគា រវាងខេត្តកំពត និងប្រទេសវៀតណាម បើខាងភាគីកម្ពុជាមានបំណងលើវិស័យទាំងនេះនោះ៕