(ប៊ូសាន, សាធារណរដ្ឋកូរ៉េ)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កិច្ចប្រជុំកំពូលជាលើកដំបូងនៃប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ឬហៅថាកូរ៉េខាងត្បូងនោះបានចាប់ផ្តើមជាផ្លូវការ នៅសាលសន្និសីទ Nurimaru APEC House នៅមាត់សមុទ្រ ក្នុងទីក្រុងប៊ូសាន ចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។

កិច្ចប្រជុំកំពូលជាលើកដំបូងរវាងតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េ ធ្វើឡើងក្រោមប្រធានបទ «ផ្លូវទៅកាន់ទន្លេមេគង្គ»។ លោកប្រធានាធិបតី មូន ជេអ៉ីន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់របស់មេដឹកនាំប្រទេសតំបន់មេគង្គរួមមាន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក មូន ជេអ៉ីន ក្នុងពិធីបើកកិច្ចប្រជុំកំពូលនោះ បើទោះបីមិនមានវត្តមានសម្តេចតេជោ ហ៊ុន សែន យ៉ាងណាក៏ដោយ តែលោកបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមឱ្យមានកិច្ចប្រជុំកំពូលនេះឡើង។

ក្រោយពីបញ្ចប់កិច្ចប្រជុំ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានបង្ហាញពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានកូរ៉េ-មេគង្គ និងក្តីរំពឹងទាញប្រយោជន៍របស់កម្ពុជាពីកិច្ចប្រជុំប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋកូរ៉េនេះ៕ សូមទស្សនាវិដេអូ៖