(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានសម្រេចផ្តាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនី ដល់ការដ្ឋានសំណង់របស់ក្រុមហ៊ុន Blue Bay ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រព្រឹត្តបទលើ្មសជាក់ស្តែង បំផ្លាញទ្រព្យសម្បត្តិរបស់អគ្គិសនីខេត្តព្រះសីហនុ។

ការសម្រេចនេះធ្វើឡើងនៅឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យជាក់ស្តែងក្នុងការដ្ឋានសំណង់របស់ក្រុមហ៊ុន Blue Bay ក្រោយទទួលបានពាក្យបណ្តឹងរបស់អគ្គិសនីខេត្តព្រះសីហនុ។

អគ្គិសនីខេត្តព្រះសីហនុ បានបញ្ជាក់ពីដំណើរដើមទង មុននឹងសម្រេចផ្តាច់អគ្គិសនីក្នុងការដ្ឋានក្រុមហ៊ុន Blue Bay ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ការដ្ឋានសំណង់របស់ក្រុមហ៊ុន Blue Bay បានប្រើអេស្កាវ៉ាទ័រ កាច់បំបាក់បង្គោលតង់ស្យុងទាបចំនួន០១ដើម និងកាត់ខ្សែបណ្តាញរបស់អគ្គិសនី ខេត្តព្រះសីហនុចោលទាំងអស់ ដែលមានទីតាំងនៅខាងមុខការដ្ឋាននោះ។ ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ការដ្ឋានសំណង់របស់ក្រុមហ៊ុន Blue Bay បានកាច់បំបាក់បង្គោលតង់ស្យុងទាប ចំនួន០១ដើមទៀត។

បន្ទាប់ពីបានពិនិត្យឃើញថា មានករណីបំផ្លាញទ្រព្យសម្បត្តិរបស់អគ្គិសនី ខេត្តព្រះសីហនុដូចនេះ អគ្គិសនីខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹង ដើម្បីបិទការដ្ឋានសំណង់របស់ក្រុមហ៊ុន Blue Bay នៅលើក្បាលដីលេខ ៣៥៤៨, ៣៥៤៩, ៣៥១៧, ៣៥១៨, ៣១៥៧, ៣១៥៥ និង ៣០៧៦ ដែលស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបណ្តោះអាសន្នសិន រហូតដល់បានដោះស្រាយជាមួយអង្គភាពអគ្គិសនី ខេត្តព្រះសីហនុចប់រួចរាល់ ទើបមានការភ្ជាប់ចរន្តឲ្យប្រើប្រាស់ឡើងវិញ។

ពាក់ព័ន្ធបញ្ហានេះ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានចាត់ទុកទង្វើរបស់ការដ្ឋានសំណង់ក្រុមហ៊ុន Blue Bay ជាទង្វើយ៉ាងអនាធិបតេយ្យ ដែលមិនបានគិតពីការបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ឬការផ្គត់ផ្គង់អគ្គិសនីជូនដល់សាធារណជន ហើយលោកមានការសោកស្តាយចំពោះទង្វើ ដែលមិនអាចអត់ឱនឲ្យបាននេះ។

ជាមួយគ្នានេះ លោក កែវ រតនៈ តាមរយៈបណ្តាញព័ត៌មាន Fresh News សូមសំណូមពរអាជ្ញាធរដែនដី មានមន្ទីររៀបចំដែនដីដែលជាអ្នកចេញច្បាប់សាងសង់ផងដែរនោះ សូមពិនិត្យឲ្យបានល្អិតល្អន់ មុននឹងចេញច្បាប់អនុញ្ញាតឲ្យមានការសាងសង់ ដើម្បីកុំឲ្យក្រុមហ៊ុនសាងសង់ធ្វើអ្វីតាមអំពើចិត្តរបស់ពួកគេ៕