(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» នៅជាន់ផ្ទាល់ដីនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។

សម្រាប់វាគ្មិនដែលនឹងអញ្ជើញចូលរួម គឺតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា សន្និសីទនេះមានទិសដៅ និងគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សាធារណជន ស្តីពី៖ សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត គឺឆ្លងកាត់ពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងត្រូវបានចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។ កត្តាទាំងនេះ ជាចលករជំរុញឲ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលមានកម្រិតពី៥០ភាគរយ មកនៅត្រឹងរង្វង់១០ភាគរយ នៃចំនួនប្រជាជនសរុប៕