(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបើកការប្រកួតប្រជែង ជំនាញសំណង់ប្រចាំឆ្នាំ លើកទី២ ដើម្បីពង្រឹងសមត្ថភាពជាងសំណង់នៅកម្ពុជា ខណៈដែលវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការប្រកួតជំនាញសំណង់នេះ បានរៀបចំធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានការគាំទ្ររៀបចំដោយក្រុមហ៊ុន SCG ដែលជាសាជីវកម្មឈានមុខគេមួយ នៅក្នុងតំបន់អាស៊ាន។

មេជាងសំណង់៤០រូប ដែលចម្រាញ់ចេញ ពីមេជាងសំណង់ជាង២០០នាក់ ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងជំនាញ នៅតាមបណ្ដាខេត្ត ដែលរៀបចំដោយ SCG និងដៃគូរបស់ខ្លួន បានចូលរួមនៅក្នុងការ ប្រកួតប្រចាំឆ្នាំលើកទី២នេះ។ បេក្ខជនមេជាងសំណង់ ប្រកួតប្រជែងគ្នាលើ ៣មុខជំនាញ គឺ ជំនាញបូក, ជំនាញប្រក់ដំបូល និងជំនាញដំឡើងស្មាតបត។

ថ្លែងក្នុងឱកាសបើកកម្មវិធីប្រកួតប្រជែងជំនាញមេជាងសំណង់ លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺទាមទារចាំបាច់នូវការគាំទ្រ និងចូលរួមពីវិស័យឯកជន។

លោក ឡៅ ហ៊ីម បានបញ្ជាក់ថា «សូមឲ្យក្រុមហ៊ុនចូលរួមគាំទ្រនូវរាល់សកម្មភាព ដែលរដ្ឋត្រូវការសហការពីវិស័យឯកជន មានដូចជា ការចុះកម្មសិក្សា ការស្រាវជ្រាវ និងការចូលរួមអភិវឌ្ឍកញ្ចប់ស្តង់ដា បណ្តុះបណ្តាលជាដើម»

អនុរដ្ឋលេខាធិការក្រសួងការងាររូបនេះ បានបន្ថែមទៀតថា ការប្រកួតប្រជែងជំនាញនេះ នឹងចូលរួមចំណែកសម្រេចគោលនយោបាយជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបណ្តុះបណ្តាលជំនាញ បង្តើតការងារបង្កើនផលិតភាព និងបង្កើនប្រាក់ចំណូល។

លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់របស់ SCG នៅកម្ពុជា បានថ្លែងថា កម្មវិធីប្រឡងប្រជែងជំនាញសំណង់នេះ បង្ហាញពីបំណងប្រាថ្នារបស់ SCG ក្នុងការផ្ដល់ឱកាសប្រសើរឡើង និងគុណភាពនៃការរស់នៅដល់អ្នកពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។

លោក វីរុត បានថ្លែងថា «តាមរយៈកម្មវិធីនេះ យើងចង់ជួយលើកកម្ពស់ជំនាញ របស់មេជាងសំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់នៅកម្ពុជា។ ជាងនេះទៀត ម្ចាស់លំនៅដ្ឋាន និងអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ ក៏នឹងទទួលបានស្តង់ដារ និងគុណភាពសំណង់ប្រសើរឡើងផងដែរ»។

នាយកគ្រប់គ្រងផ្នែកទីផ្សារ និងការលក់របស់ SCG នៅកម្ពុជា បានបន្ថែមថា នៅពេលដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមានវិញ្ញាបនបត្រទទួលស្គាល់ពីកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែងនេះ មេជាងសំណង់ ឬអ្នកម៉ៅការសំណង់នៅក្នុងស្រុក នឹងមានឱកាសការងារ និងចំណូលកាន់តែខ្ពស់ថែមទៀត។

គួរបញ្ជាក់ថា ការប្រកួតប្រជែងនេះ នឹងចម្រាញ់យកជ័យលាភី លេខ១, លេខ២ និងលេខ៣ លើមុខជំនាញនីមួយៗ នៃមុខជំនាញទាំងបី ហើយជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ២លានរៀល និងដំណើរទស្សនកិច្ចទៅប្រទេសថៃ, លេខ២ បានទឹកប្រាក់ ១លាន ២សែនរៀល និងលេខ៣ បានទឹកប្រាក់ ៨សែនរៀល។

ប្រកួតប្រជែងជាងសំណង់ប្រចាំឆ្នាំលើកទី២នេះ គឺជាផ្នែកមួយ នៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ អេសស៊ីជី ដែលមានគោលបំណងជួយ លើកស្ទួយវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេលវែង។ អេសស៊ីជី សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរៀបចំឲ្យមានការប្រកួតប្រជែងជំនាញមេជាងសំណង់នេះ ចាប់តាំងពីឆ្នាំ២០១៨មក។

គិតរហូតមកដល់ចុងឆ្នាំ២០១៩នេះ មេជាងសំណង់ជាង ៤០០នាក់ មកពីទូទាំងប្រទេសកម្ពុជា បានទទួលការបណ្ដុះបណ្ដាល និងជិត៨០នាក់ បានចូលរួមនៅក្នុងប្រកួតប្រជែងជំនាញប្រចាំឆ្នាំ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន SCG៕