(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ សម្តេចម៉ែ បានថ្វាយព្រះរាជសារថ្លែងអំណរគុណ ដល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សហ្វ៊ុនស៉ិនប៉ិច ដែលទ្រង់បានថ្វាយព្រះរាជសាររំលែកទុក្ខ ចំពោះការយាងចូលទិវង្គត សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ នេះបើយោងតាមព្រះរាជសារ របស់សម្តេចម៉ែ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ មានបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលនូវលិខិតរំលែកទុក្ខចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ព្រះអង្គម្ចាស់ នៅក្នុងឱកាសដែលសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុផ្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលទិវង្គតដោយព្រះរោគាពាធ»។

សម្តេចម៉ែបានមានព្រះរាជបន្ទូលថា «ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមានចិត្តគោរពស្រឡាញ់ ស្រណោះអាឡោះអាល័យ ដែលព្រះអង្គម្ចាស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណបក្សរាជានិយមហ៊្វុនស៉ិនប៉ិច បានថ្វាយសម្តេចរាជបុត្រីព្រះរៀម ដែលក្នុងមួយព្រះជន្មព្រះអង្គ បានចូលរួមលើកស្ទួយ ក្នុងវិស័យវប្បធម៌ អរិយធម៌ខ្មែរតាំងពីសម័យសង្គមរាស្ត្រនិយមតរៀងមកល្បីល្បាញរន្ទឺលើពិភពលោក ជាពិសេសព្រះនិមិត្តរូបដ៏ប៉ិនប្រសប់ នៃរបាំព្រះរាជទ្រព្យខ្មែរ»។

សូមបញ្ជាក់ថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ៕