(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបន្តទទួលជួប លោក Bjorn Haggmark ឯកអគ្គរដ្ឋទូត នៃប្រទេសស៊ុយអែដ (Sweden) ប្រចាំនៅប្រទេសកម្ពុជា។

គួរជម្រាបថា រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន ១១រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង អគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា អគ្គរាជទូតជប៉ុន អគ្គរដ្ឋទូតអង់គ្លេស, អគ្គរដ្ឋទូតស្វីស, អគ្គរាជទូតប៊ែលហ្ស៊ិក, អគ្គរដ្ឋទូតហ្វាំងឡង់ និងអគ្គរដ្ឋទូតស៊ុយអែដ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយ លក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕