(សៀមរាប)៖ គណៈគិលានុបដ្ឋាកកម្ពុជា បានរៀបចំធ្វើកម្មវិធីសន្និសីទគណៈគិលានុបដ្ឋាកកម្ពុជា លើកទី១ ស្ដីពី ការធ្វើឱ្យប្រសើរឡើង នូវគុណភាពក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈថែទាំវេជ្ជសាស្ត្រនៅកម្ពុជា ដោយបានប្ដេជ្ញារួមគ្នាខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈខ្ពស់ ក្នុងការអនុវត្តគោលការណ៍ ក្រមសីលធម៌ វិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាព គុណភាព និងសេវាកម្ម ថែទាំ ព្យាបាលអ្នកជម្ងឺ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ពិធីនេះ បានរៀបចំនៅសាលប្រជុំនៃមន្ទីរព្រះបាទជ័យវរ្ម័នទី៧ ឬ ពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានអ្នកចូលរួមប្រមាណជា ៦០០នាក់ និងស្ថិតក្នុងអធិបតីពីលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសម្របសម្រួលគណៈវិជ្ជាជីវៈទាំង៥។

បើតាមរបាយការណ៍របស់លោកអនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គណៈគិលានុដ្ឋាកកម្ពុជា បានបង្កើតឡើងក្រោមព្រះរាជក្រឹត្យលេខ នស/រកត/០៨០៧/៣៧៣ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៧ ស្ដីពីការបង្កើតគណៈគិលានុដ្ឋាកកម្ពុជា និងព្រះរាជក្រមស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។ ហើយសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នាសម័យប្រជុំពេញអង្គលើកទី៩ និតីកាលទី៣។

ហើយការជួបជុំថ្ងៃនេះ គឺបានបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់គិលានុបដ្ឋាក ក្នុងការចូលរួមចំណែកអភិវឌ្ឍជំនាញវិជ្ជាជីវៈ សំដៅធ្វើឱ្យមានការរីកចម្រើននៅក្នុងសង្គមជាតិ តាមរយៈការចូលរួមដោះស្រាយបញ្ហាសុខភាពចំបងៗដែលកំពុងប្រឈមមុខ ដូចជាកំណើននៃជម្ងឺ មិនឆ្លង ការបង្កររោគក្នុងមន្ទីរពេទ្យ ជម្ងឺមនុស្សចាស់ជរា និងជាពិសេសបញ្ហាកង្វះកម្លាំងពលកម្មគិលានុបដ្ឋាកនៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត់ នៅក្នុងប្រទេស តំបន់ និងទូទាំងពិភពលោក។

លោកបន្តគូសបញ្ជាក់ថា គិលានុបដ្ឋាក គឺជាកម្លាំងពលកម្មធំជាងគេ ដែលមានចំនួន ៦០% នៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា។ ហើយនេះ ក៏ជាកម្លាំងចលកររបស់ក្រសួងសុខាភិបាល ដែលជាអ្នកជម្រុញឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងការផ្ដល់សេវាថែទាំប្រកបដោយគុណភាព និងលើកកម្ពស់សុខភាពអ្នកជម្ងឺ និងប្រជាពលរដ្ឋ។ ហេតុនេះសារៈសំខាន់បំផុត គឺការបង្កើនសមត្ថភាពទាំងចំណេះដឹង ជំនាញ និងឥរិយាបទ ដើម្បីផ្ដល់សេវាថែទាំដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកជម្ងឺ និងពង្រឹងការលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុភាពអវិជ្ជាមាននានា ដែលបណ្ដាលមកពីការមិនបានគោរពនូវគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងនៅឯកិច្ចប្រជុំនោះថា សម្រាប់សន្និសីតលើកទី១ របស់គណៈគិលានុបដ្ឋាកកម្ពុជា គឺយើងប្រមូលផ្ដុំអ្នកថែទាំសេវាសុខាភិបាល ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់គាត់ឱ្យបានរឹងមាំ ព្រោះគិលានុដ្ឋាក គឺជាអ្នកថែទាំទាំងឡាយ ដែលជាដៃគូររបស់គ្រូពេទ្យ ហើយក្នុងការថែទាំ ព្យាបាលជម្ងឺ គ្រូពេទ្យទាំងអស់ គឺជាអ្នកចេញវិជ្ជបញ្ជាឱ្យថាធ្វើអីៗ។ ហើយបើគិលានុដ្ឋាក មិនមាំទាំក្នុងការចេះដឹង មិនមាំទាំខាងសីលធម៌ មិនមានស្មារតីទទួលខុសត្រូវខ្ពស់ នោះការអនុវត្តរបស់គ្រូពេទ្យអាចមានបញ្ហាដល់អ្នកជម្ងឺ។

លោកសាស្ត្រាចារ្យ បានបន្ថែមថា ពីព្រោះការថែទាំមិនត្រឹមត្រូវ ខ្សោយការយល់ដឹងតិច ដោយសារការធ្វេសប្រហែស ដោយសារការមិនទទួលខុសត្រូវខ្ពស់ ដោយសារខ្វះគុណធម៌ ដោយសារមិនបានគោរពវិន័យ នោះនឹងអាចបង្ករគ្រោះថ្នាក់ដល់អ្នកជម្ងឺគ្រប់ពេល។ ហើយបើអ្នកជម្ងឺបានជាសះស្បើយនោះ គឺមិនមែនជារឿងចៃដន្យនោះទេ គឺត្រូវការឱ្យលោកគ្រូពេទ្យក៏រឹងមាំ អ្នកថែទាំក៏រឹងមាំ។ ដោយហេតុនេះហើយ ទើបថ្ងៃនេះយើងបានជួបជុំគ្នា ដើម្បីលើកកម្ពស់នូវការទទួលខុសត្រូវ តាមរយៈអ្នកមកបង្ហាញ ចែករំលែកនូវចំណេះដឹង បទពិសោធន៍ដែលជាគន្លឹះសំខាន់ៗក្នុងការងារថែទាំ ដូចថ្ងៃនេះយើងមានអ្នកដែលមកពីប្រទេសឥណ្ឌា ផងដែរ ។ ដែលយើងនឹងបង្ហាញការងារពាក់ព័ន្ធជាមួយ ការការពារមេរោគឆ្លងពីអ្នកជម្ងឺម្នាក់ទៅអ្នកជម្ងឺផ្សេងទៀត ដែលជាប្រធានបទមួយដ៏សំខាន់ ក្នុងការថែទាំអ្នកជម្ងឺតាមមន្ទីរពេទ្យ ដែលនេះគឺជារឿងសំខាន់មែនទែន ដែលយើងអនុវត្តឱ្យបានល្អប្រសើរ ហើយនេះក៏ជាការតម្រូវរបស់គណៈគ្រូពេទ្យ ផងដែរ។

លោកក៏បានទទួលស្គាល់ផងដែរ នូវការខ្វះខាត់របស់បងប្អូនមួយចំនួនតូច ដែលយើងត្រូវតែពង្រឹងឱ្យបានប្រសើរឡើង ជារួមការខ្វះខាត់មានពីរសំខាន់ គឺទីមួយ ពាក់ព័ន្ធនិងសមត្ថភាពជំនាញ ដែលយើងចាំបាច់ត្រូវតែរឹងមាំ ច្បាស់លាស់ និងត្រូវតែទាន់សម័យកាល ដើម្បីធានាថារាល់ការថែទាំរបស់យើងបានត្រឹមត្រូវ ហើយទីពីរ សីលធម៌វិជ្ជាជីវៈ ទាំងសំដីសំដៅ អាកប្បកិរិយា ត្រូវតែប្រយ័ត្នប្រយែងឱ្យបានមែនទែន ជាមួយអ្នកជម្ងឺ ផងដែរ ព្រោះយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមត្ថភាពនៃការថែទាំអ្នកជម្ងឺ ឱ្យបានកាន់តែរឹងមាំ។

លោកសាស្ត្រចារ្យ បានគូសបញ្ជាក់ថា ៖ រាល់ការទទួលស្គាល់របស់ប្រជាពលរដ្ឋ អំពី គុណភាពនៃការថែទាំ ព្យាបាលនៅតាមមន្ទីរពេទ្យទាំងឡាយនៅកម្ពុជា កំពុងមានភាពមាំទាំហើយដែរ ដូចជានៅមន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-ចិន មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកុមារអង្គរ គឺយើងបានទទួលស្គាល់ថា ពិតជាបានមាំទាំប្រសើរមួយកម្រិតហើយ ។ ទន្ទឹមនឹងយើងបាននិងកំពុងបន្តការខិតខំប្រឹងប្រែង អនុវត្តនូវរាល់គោលការណ៍ ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយឆន្ទៈខ្ពស់ តាមរយៈការលើកកម្ពស់សមត្ថភាព គុណភាព និងសេវាកម្ម រួមនិងការបំពាក់បន្ថែមនូវគ្រឿងសម្ភារៈបរិក្ខាវេជ្ជសាស្ត្រផងដែរ។

លោកក៏បានធ្វើការអំពាវនាវជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា បានជ្រាបផងដែរថា គុណភាពនៃការថែទាំ ព្យាបាល ច្បាស់ណាស់ គឺជាចំណែករបស់អ្នកជំនាញជាគ្រូពេទ្យ និងអ្នកថែទាំ ប៉ុន្តែការចូលរួមចំណែករបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ ថែទាំ តាមរយៈការសហការល្អ យល់ដឹង បង្ករភាពងាយស្រួល ដើម្បីឱ្យគ្រូពេទ្យហ្នឹងអាចថែទាំ ព្យាបាលឱ្យបានទទួលផលល្អ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕