(ភ្នំពេញ)៖ នាចុងឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ បានសម្រេចការបណ្ដុះបណ្ដាលមន្ត្រីរាជការក្រោមឱវាទជិត ២០០នាក់ទៀត ដើម្បីលើកកម្ពស់សមត្ថភាពបន្ថែមដល់ពួកគេ។

ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការវាយតម្លៃការបណ្តុះបណ្តាលមន្រ្តីរាជការឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ នៅទីស្នាក់ការ NOCC នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានស្នើដល់សិក្ខាកាមទាំងអស់ឱ្យបន្តជំរុញអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានភាពច្នៃប្រឌិត និងមានការយកចិត្តទុកដាក់លើភារកិច្ច ទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ ពិសេសចូលរួមក្នុងកម្មវិធីនានាពាក់ព័ន្ធនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងពង្រឹងការងារស្រាវជ្រាវបន្ថែមទៀត តាមដែលអាចធ្វើទៅបានសំដៅពង្រឹង និងពង្រីកការយល់ដឹងបន្ថែម ដើម្បីក្លាយខ្លួនទៅជាមូលធនមនុស្សដ៏មានសារៈសំខាន់ សម្រាប់បម្រើឱ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បម្រើឱ្យការជំរុញល្បឿនក្នុងដំណើរការ អភិវឌ្ឍរបស់ប្រទេសបម្រើឱ្យការផ្តល់សេវាសាធារណៈជូនប្រជាជន ពិសេសសំដៅប្រកបដោយ គុណភាព និងការជឿទុកចិត្តសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ (២០១២-២០២០)។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាទទួលបាននូវចំណេះដឹង បទពិសោធន៍ និងទស្សនទានថ្មីៗបន្ថែមលើអ្វីដែលមានស្រាប់ ពាក់ព័ន្ធនឹងរបត់ការងារប្រចាំថ្ងៃនៅតាមអង្គភាពរបស់ខ្លួន។

លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ ដូចខាងក្រោម៖

* ត្រូវស្វែងយល់ និងគោរពនូវសិទ្ធិ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានចែងក្នុងខ្លឹមសារ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិលកម្ពុជា ពិសេសអនុវត្តតាមស្មារតីអនុក្រឹត្យស្តីពី ការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងលិខិតបទដ្ឋានគតិយុត្តធរមាន។

* បន្តការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការវិវត្តន៍របស់សង្គម ពិសេសលើជំនាញភាសា និងព័ត៌មានវិទ្យា។

* សម្រាប់ប្រធានការិយាល័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវចូលរួមក្នុងការពង្រាយ និងបែងចែកភារកិច្ចដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក្រោមឱវាទរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងចំជំនាញ ពិសេសត្រូវប្រើប្រាស់ធនធានមន្រ្តីទាំងនោះឱ្យអស់ពីលទ្ធភាព។

* ត្រូវមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំ និងសហការីក្នុងអង្គភាព។

* ក្នុងនាមជាមន្ត្រីរាជការត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍អង្គភាព និងផលប្រយោជន៍របស់មន្រ្តីរាជការ។

* ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនានាទៅប្រើប្រាស់ឱ្យចំគោលដៅ និងផ្សព្វផ្សាយបន្តដល់មន្ត្រីក្នុងអង្គភាព ដែលកំពុងអនុវត្តជំនាញនេះ ប៉ុន្តែពុំទាន់មានឱកាសបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

* ត្រូវប្រកាន់នូវគោលជំហរជាមន្ត្រីល្អ មន្ត្រីគំរូ ដែលមានឆន្ទៈស្មោះត្រង់នឹងការងារ មានទំនួលខុសត្រូវខ្ពស់ និងមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដើម្បីជាធនធានដ៏ចាំបាច់សម្រាប់បម្រើដល់អង្គភាព និងមាតុភូមិកម្ពុជា៕