(កំពង់ស្ពឺ)៖ លោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងកិច្ចការនារី បានថ្លែងថា ការសេពញៀន នាំមកនូវអំពើហិង្សា ឧក្រិដ្ឋកម្ម ការជួញដូរ និងគ្រោះថ្នាក់ចរាចរណ៍។

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសក្រសួងកិច្ចការនារី បើកវេទិកាក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន» នៅសាលាឃុំសំបូរ និងសាលាឃុំរលាំងគ្រើល នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី ឡុង សុផល្លី បានថ្លែងថា «គ្រឿងញៀនជាបញ្ហាសង្គមដ៏ស្មុគស្មាញ ធ្វើឲ្យប៉ះពាល់ដល់មនុស្សជាតិ ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមគ្រប់សកម្មភាព គឺជាការងារអាទិភាព ដែលក្រសួងកិច្ចការនារី បានចូលរួមអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅជួនប្រជាពលរដ្ឋ ហើយការសេពគ្រឿងញៀន នាំមកនូវអំពើហិង្សា ឧក្រិដ្ឋកម្ម ការជួញដូរ និងគ្រោះថ្នាក់ចរាចរណ៍»

លោកស្រីបានថ្លែងបន្តដោយបានសំណូមពរដល់អ្នកចូលរួម និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមឲ្យបានសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ និងសូមគ្រប់សមាសភាពពាក់ព័ន្ធទាំងជួយជំរុញបុត្រធីតា ដែលរងគ្រោះដោយសារគ្រឿងញៀនទៅទទួលសេវាព្យាបាល អ្នកញៀនគ្រឿងញៀន ដោយឥតគិតថ្លៃ នៅតាមពេទ្យបង្អែក និងមណ្ឌលសុខភាពចំណេញថវិកា និងមានពេលវេលាគ្រប់គ្រាន់ជួយធ្វើការបាន សហគមន៍មានសុវត្ថិភាព។

លោកស្រី ប៊ុត ចន្ធូ តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកសំរោងទង បានអានរបាយការណ៍ ពីការរីកចម្រើនរបស់ស្រុក ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀងក្នុងស្រុក និងបានបញ្ជាក់ថា ស្រុកមិនមែនជាទីតាំងផលិត ដាំដុះគ្រឿងញៀនឡើយ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ហើយវិរភាពពលិកម្មគ្រប់បែបយ៉ាងរបស់ស្រ្តី ក្នុងភាពជាម្តាយ ជាបងស្រីគឺជាទីបង្អែកដ៏រឹងមាំជួយកូនចៅ ប្អូនឆ្ពោះទៅរកភាពជោគជ័យក្នុងជិវិត។

លោកបន្តថា ការចូលរួមរបស់ស្រ្តីក្នុងការងារប្រឆាំងគ្រឿងញៀន គឺជាដៃគូរមិនអាចខ្វះបានឡើយ ពាក្យសម្តីណែនាំរបស់ម្តាយ បងស្រីពីបញ្ហាគ្រឿងញៀន គឺជាមាគ៌ាសម្រាប់កូនចៅ និងប្អូនគ្រប់រូបដើរចៀសចាកឆ្ងាយ ពីបញ្ហាគ្រឿងញៀននាំមកភាពសុខសាន្ត៕