(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ បានបញ្ជាក់ថា ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវរំកិលពីវត្ដបទុមវតីរាជវរារាម ឆ្ពោះទៅកាន់ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំព្រះពិធីបូជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាស្អែកនេះ។

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គត់ នាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សពសម្តេចព្រះរៀម បុប្ផាទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ ហើយមកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧៖៣០នាទីយប់ ដោយត្រូវបានទទួល តាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតី នៅព្រលានយន្តហោះ និងបញ្ជូនដោយស្ងៀមស្ងាត់ តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) មកតម្កល់រៀបចំធ្វើបុណ្យ នៅវត្ដបទុមវតីរាជវរារាមរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកាស្អែកនេះ ទើបរំកិលទៅកាន់ ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀម បង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕