(សៀមរាប)៖ លោក លីម ដឺលុច ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកនាយកដ្ឋានពន្ធដារ បានស្នើសហគ្រាសដែលមិនទាន់ធ្វើបច្ចុប្បន្នភាពព័ត៌មាន ប្រញាប់មកធ្វើបច្ចុប្បន្នភាពព័ត៌មាន ដើម្បីងាយស្រួលផ្តល់សេវាកាន់តែប្រសើរជូនអ្នកជាប់ពន្ធ ជាពិសេសការប្រើប្រាស់ប្រព័ន្ធថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ។

ការស្នើបែបនេះរបស់តំណាងលោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលា ស្តីពីយន្តការនៃការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filling) និងសេចក្តីណែនាំស្តីពីការដាក់ឲ្យ អនុវត្តវិធានវិក្កយបត្រថ្មី ដែលរៀបចំឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នៅសណ្ឋាគារ សុខា សៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ នឹងនៅតែបន្តការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលជាចក្ខុវិស័យរួម គឺនឹងកែប្រែរដ្ឋបាលសារពើពន្ធ ឱ្យទៅជារដ្ឋបាលសារពើពន្ធឌីជីថលមួយ ដែលផ្តល់នូវ E-Tax Service ល្អប្រសើរ និងងាយស្រួលសម្រាប់អ្នកជាប់ពន្ធ។

ជាមួយគ្នានេះ​ អគ្គនាយកដ្ឋានពន្ធដារ បានជំរុញ និងលើទឹកចិត្តដល់សហគ្រាសទាំងអស់ប្រើប្រាស់នូវប្រព័ន្ធថ្មីៗ ដើម្បីទទួលបាននូវភាពងាយស្រួល ចំណេញពេលវេលា ក៏ដូចជាចូលរួមពង្រឹងអនុលោមភាពសារពើពន្ធទាំងអស់គ្នា ដែលជាការចូលរួមចំណែក ក្នុងការការពង្រឹងនូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field)៕