(ភ្នំពេញ)៖ លោក ជាន រតនៈវិសាល មន្រ្តីត្រួតពិនិត្យវាយតម្លៃគម្រោងគណនេយ្យភាព និងការសិក្សាស្រាវជ្រាវប្រចាំអង្គការ Action Against Hunger ប្រចាំកម្ពុជា និងជានិស្សិតដែលទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត នៅប្រទេសណូវែលហ្សែឡង់ នឹងចូលខ្លួន មកបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នៅក្នុងសន្និសីទអាហារូបករណ៍លើកទី៨ ដែលនឹងរៀបចំឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។

លោក ជាន រតនៈវិសាល ជាបេក្ខជនមួយរូប ដែលធ្លាប់ទទួលបរាជ័យក្នុងការស្នើសុំអាហារូបករណ៍ទៅសិក្សាប្រទេសអូស្រ្តាលី និងប្រទេសណូវែលហ្សែឡង់ ប៉ុន្ដែដោយសារតែការមិនចុះចាញ់ ព្យាយាមស្វែងរកចំណុចខ្សោយ និងពង្រឹងសមត្ថភាពរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ លោកក៏ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលប្រទេសណូវែលហ្សែឡង់ សម្រាប់បន្តការសិក្សាថ្នាក់អនុបណ្ឌិត រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ Victoria University of Wellington។

លោក ជាន រតនៈវិសាល បានឱ្យដឹងថា ដើម្បីដឹងថាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្នើសុំអាហាររូបករណ៍ លោកសូមស្នើសុំឱ្យអ្នកដាក់ពាក្យប្រកាន់ភ្ជាប់ នូវគោលការណ៍ពីរចំណុច ដែលមានដូចជា ទី១៖ ស្វែងយល់ពីតម្រូវការអាហាររូបករណ៍ តើលក្ខខណ្ឌអ្វីខ្លះដែលភាគីផ្តល់អាហារូបករណ៍ត្រូវការ ឧទាហរណ៍ បេក្ខជនត្រូវមានបទពិសោធន៍ ធ្វើការងាររយៈពេលពីរឆ្នាំ មុននឹងស្នើសុំអាហារូបរកណ៍។ តើសាកលវិទ្យាល័យ ឬសាលាដែលអ្នកចង់ស្នើសុំមានផ្តល់អាហារូបករណ៍ លើមុខវិជ្ជា ដែលអ្នកស្នើសុំឬទេ និងទី២៖ ស្វែងយល់ពីគោលដៅ គោលបំណងរបស់ខ្លួន តើមុខជំនាញអ្វីដែលអ្នកស្នើសុំចង់ដឹង និងអភិវឌ្ឋន៍សមត្ថភាព។ តើចំណេះដឹង បច្ចេកទេស និងភាសានិងបទពិសោធន៍អ្វីខ្លះដែលខ្លួនមានហើយ ត្រូវនឹងលក្ខ័ខណ្ឌដែលអាហារូបករណ៍ចង់បានដែរឬទេ។

លោក ជាន រតនៈវិសាល បាន ឱ្យ ដឹងទៀតថា បន្ទាប់ពីស្គាល់ និងពង្រឹងសមត្ថភាពខ្លួនឯងហើយ យើងគួរតែយល់ដឹងឲ្យច្បាស់ពីព័ត៌មាន ដែលជាតម្រូវការ មួយចំនួនដែល មានដូចជា៖

* ទី១៖ ឯកសារសំខាន់រួមមាន៖ សញ្ញាប័ត្រ ព្រឹត្តប័ត្រពិន្ទុ (ខ្មែរ និង អង់គ្លេស) ឯកសារសំគាល់អត្តសញ្ញាណ (សំបុត្រកំណើត អត្តសញ្ញាណប័ណ្ឌ លិខិតឆ្លងដែន
* ទី២៖ ឆន្ទៈក្នុងការដាក់ពាក្យ៖ រើសយកប្រធានបទសម្រាប់ការសិក្សានិងធ្វើការស្រាវជ្រាវជុំវិញប្រធានបទ ដើម្បីរៀបចំជាសំណើរគម្រោង (ប្រសិនបើគេតម្រូវ)។
* ទី៣៖ លទ្ធផលរំពឹងទុកពីការរៀនសូត្រ
* ទី៤៖ សុខភាព៖ រក្សាសុខភាពអោយល្អ ដើម្បីងាយស្រួលក្នុងការស្នើសុំទិដ្ឋាការ។
* ទី៥៖ ភាសា
* ទី៦៖ ព័ត៌មានស្តីពីការដាក់ពាក្យ ឬអាហាររូបករណ៍ (តាមរយៈការសាកសួរមិត្តភ័ក្តិ ឬ វេបសាយ) និងតម្រូវការអាហាររូបករណ៍ ដើម្បីពង្រឹងសមត្ថភាពនូវចំនុចខ្វះខាត ដែលយើងមិនទាន់មាន។

លោកបានបញ្ជាក់ទៀតថា ជាមួយនឹងការចែករំលែកទៅសង្គមវិញ បន្ទាប់ពីទទួលបានអាហារូបករណ៍ លោកបានសំរេចចិត្ដវិលត្រលប់មកបំរើការនៅក្នុងប្រទេសកំណើត ជាមួយសមិទ្ធិផល ដែលទទួលបាននៅក្រៅប្រទេស ដើម្បីចូលរួមជាចំណែកក្នុងការចែករំលែកបទពិសោធន៍ទៅកាន់អ្នកដទៃ មិត្តរួមការងារ ជាពិសេសលើក ទឹកចិត្តយុវជន និងយុវនារីឲ្យមានភាពក្លាហានហ៊ានដាក់ពាក្យ និងទទួលបានព័ត៌មានសំខាន់ៗក្នុងការដាក់ពាក្យឲ្យបានជោគជ័យ។

ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីការដាក់អាហារូបករណ៍ឲ្យបានជោគជ័យ ជួបជាមួយលោក ជាន រតនៈវិសាល រួមជាមួយវាគ្មិនកិត្ដិយសពីតំណាងស្ថានទូត ស្ថាប័នផ្ដល់អាហារូបករណ៍ និងនិស្សិតអាហារូបករណ៍ជាច្រើនរូបពីបណ្ដាប្រទេសធំៗមានដួចជា៖ អ៊ីរ៉ុប សហរដ្ឋអាមេរិច អូស្ដ្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ ចិន ថៃ ជប៉ុន ស៊ីងហ្គាពួរជាដើម។ សំបុត្រចូលរួមមានតម្លៃត្រឹម ៦ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ វិចិ្ឆកា ២០១៩ និង ៧ដុល្លារ ក្នុងថ្ងៃកម្មវិធី៕