(ភ្នំពេញ)៖ បុរសជនជាតិកូរ៉េម្នាក់ ដែលត្រូវចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពាក់ព័ន្ធបោកលុយជនរងគ្រោះមួយចំនួនជិត ៣លានដុល្លារ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧករណ៍ ដែលអាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបតិ្តការទូរទាត់សងប្រាក់។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

បន្ទាប់ពីត្រូវបានចោទប្រកាន់រួចហើយ, នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនជាតិកូរ៉េរូបនេះ ក៏ត្រូវបានបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីបន្តចាត់ការតាមនីតិវិធី ក្រោមការស្នើសុំឲ្យមានការឃុំខ្លួន ពីតំណាងអយ្យការ។

បុរសជនជាតិកូរ៉េម្នាក់នេះឈ្មោះ ផាក ហេយ៉ុង អាយុ៦៧ឆ្នាំ ថែមទាំងមានសញ្ជាតិខ្មែរផង ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា ផាក ហេយ៉ុង បានបោកលុយជនរងគ្រោះជាជនជាតិកូរ៉េដូចគ្នា ជនជាតិចិន និងជនជាតិម៉ាឡេស៉ីមានប្រមាណជិត ៣លានដុល្លារអាមេរិក ហើយការចាប់ខ្លួនបានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា និងខណៈជនសង្ស័យទើបតែចុះពីលើយន្តហោះ។

សមត្ថកិច្ចបានបន្តទៀតថា ចុងក្រោយនេះបុរសឆបោកជនជាតិកូរ៉េ បានចេញសែកសងលុយទៅឲ្យក្រុមជនរងគ្រោះ ប៉ុន្តែជាសែកស្អុយ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ឈានដល់ការចេញដីកាតាមចាប់ខ្លួនតែម្តង។

ពាក់ព័ន្ធនឹងការចាប់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ ក៏មានព័ត៌មានថា កំពុងមានការអន្តរាគមន៍យ៉ាងខ្វាត់ខ្វែងផងដែរ ដើម្បីដោះលែងឲ្យមានសេរីភាព៕