(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចខេត្តចុះបង្ក្រាប និងរឹបអូសរថយន្តដឹកឈើពីរគ្រឿង ទូកម៉ាស៊ីនមួយគ្រឿង រួមនឹងឈើកែច្នៃជាច្រើនម៉ែត្រគូប។ ការចេញប្រតិបត្តិការបង្រ្កាប បានធ្វើឡើងរយៈពេល៣ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ វិច្ឆិកា សប្តាហ៍នេះ នៅទីតំាង៣ ដាច់ដោយឡែកពីគ្នា។

កម្លាំងសមត្ថកិច្ចចេញបង្រ្កាបបទល្មើស រួមមាន៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្ត កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិសាស្ត្រស្រុកសេសាន និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនៅក្នុងការបង្ក្រាប បានឱ្យដឹងថា ការចុះបង្ក្រាបការដឹកជញ្ជូនឈើធ្វើជំនួញ ពីឈ្មួញឈើនៅក្នុងខេត្ត នៅថ្ងៃទី១៨ វិច្ឆិកា បានបង្រ្កាបទូកដឹកឈើ១គ្រឿង នៅចំណុចស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន។

នៅថ្ងៃទី១៩ វិច្ឆិកា ចាប់រថយន្តសាំយ៉ុងដឹកឈើ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2U- 3701 នៅលើដងផ្លូវជាតិលេខ៧ នៅមុខស្នាក់ការសន្តិសុខ ៧២២ ភ្នំក្រហម ស្ថិតក្នុងស្រុកសៀមបូក និងរថយន្តសាំយ៉ុងដឹកជញ្ជូនឈើ១គ្រឿងទៀត ពណ៌ស ស្លាកលេខ ភ្នំពេញ 2Q-6097 ជារថយន្តរបស់ថៅកែស្រី ឈ្មោះ ចែ ពុយ គឺជាមេឈ្មួញឈើចំណាកស្រុក មកតាំងទីលំនៅ ដើម្បីរកស៊ីឈើ នៅចំណុចផ្លូវបំបែកចូល ទៅទំនប់វ៉ារីអគ្គិសនី សេសានក្រោម២ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកថា លទ្ធផលសមត្ថកិច្ច បង្ក្រាប និងដកហូតបានទូកម៉ាស៊ីនដឹកឈើ១គ្រឿង រថយន្តសាំយ៉ុងដឹកឈើ២គ្រឿង និងឈើកែច្នៃជាច្រើនម៉ែត្រគូប ទាំងមធ្យោបាយបម្រើឱ្យការដឹកជញ្ជូនបទល្មើសព្រៃឈើ និងឈើកែច្នៃ សមត្ថកិច្ចបានដាក់ការសង្ស័យថា គឺជារបស់ថៅកែស្រី ឈ្មោះ ចែ ពុយ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក អន ចាន់សុជាតិ បានប្រាប់ឱ្យដឹង នារសៀលថ្ងៃទី២១ ខែវិច្ឆិកាថា រថយន្តសាំយ៉ុង ២គ្រឿង ដែលជាមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើស ត្រូវបាននាំយកមករក្សាទុក នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទូកម៉ាស៊ីន១គ្រឿង និងឈើជាច្រើនម៉ែត្រគូប ដែលមិនទាន់វាស់វែង ត្រូវបានបញ្ជូនមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

ចំណែកស្ត្រីឈ្មោះ ពុយ ប្រសិនបើសមត្ថកិច្ចរកឃើញថា ពិតជាជនដែលបានប្រព្រឹត្តបទល្មើសព្រៃឈើមែននោះ លោកនឹងចាត់មន្ត្រី ឱ្យកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់៕