(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបគណៈប្រតិភូខេត្តសានតុង ដឹកនាំដោយលោក វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង និងគណៈប្រតិភូអមដំណើរ ដែលរួមមានទាំងអគ្គនាយកនៃក្រុមហ៊ុនធំៗ មកពីខេត្តសានតុង ប្រទេសចិន។ ជំនួបនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានជម្រាបជូនគណៈប្រតិភូខេត្តសានតុងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងមិត្តភាព ជាប្រវត្តិសាស្ត្រ ក្នុងអំឡុងឆ្នាំ១៩៥៦ ហើយក៏មានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជា កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ស្របទៅនឹងក្របខណ្ឌតំបន់ ដែលប្រទេសចិន បានដាក់ចេញរួមមាន៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះ-ឈ្នះ» រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ។

លោករដ្ឋមន្ដ្រីបន្ដថា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៨ មានចំនួន ៦,០៤០ លានដុល្លារឤមេរិក កើនឡើងជាង ១៣,៨% បើធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ១ធៀបនឹងទំហំ វិនិយោគទុន ពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ១,៦៤៤លានដុល្លារឤមេរិក។ លើសពីនេះ ប្រទេសទាំងពីរ ក៏បានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឲ្យកើនឡើងដល់ ៦,០០០ លានដុល្លារឤមេរិក នៅឆ្នាំ២០២០។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានជម្រាបបន្ថែមថា កម្ពុជាមានសក្តានុពលខ្ពស់ លើវិស័យកសិកម្មជា ពិសេសលើកសិផលដូចជា ស្វាយ ចេក មៀន ដំឡូងមី និងស្រូវ ប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើសុំលោក វ៉ាង ស៊ូជាន ឲ្យជួយកៀរគរវិនិយោគិនបន្ថែមទៀត មកវិនិយោគក្នុងវិស័យកែច្នៃ ផលិតផលកសិកម្មសម្រាប់នាំចេញ។

ជាកិច្ចឆ្លើយតប លោក វ៉ាង ស៊ូជាន បានជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកបាននាំមកនូវក្រុមហ៊ុន មកពីខេត្តសានតុងចំនួន២០ ដើម្បីមកពិភាក្សាធុរកិច្ចជាមួយក្រុមហ៊ុនកម្ពុជា និងស្វែងយល់ពីកាលានុវត្តភាព សម្រាប់វិនិយោគនៅកម្ពុជា ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកសិកម្ម។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមហ៊ុនចំនួនពីរ បានសម្រេចចិត្តវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុន Guomei Linqor Group ដើម្បីសាងសង់រោងចក្រកែច្នៃកសិកម្មសរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់សំរាម ក្នុងការផលិតជីសរីរាង្គ ការវេចខ្ចប់ លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ និងក្រុមហ៊ុន Fu Lai Chun Group ដើម្បីដំឡើងរថយន្ត។ ក្រុមហ៊ុន Guomei Linqor Group ក៏មានគម្រោងវិនិយោគលើរោងចក្រ កែច្នៃដំឡូងមីជាម្សៅ ក្នុងលទ្ធភាពផលិត ១០០,០០០តោន នៅខេត្តក្រចេះ។

លោក វ៉ាង ស៊ូជាន បានសម្ដែងការតាំងចិត្តថានឹងបន្តផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនមកពីខេត្តសានតុង មកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ហើយបានធានាទិញផលិតផលទាំងនោះផងដែរ។

ក្រោយពីកម្មវិធីសំណេះសំណាល គណៈប្រតិភូខេត្តសានតុង បានផ្ដល់ជូននូវអំណោយទោចក្រយានចំនួន២០គ្រឿងជូនក្រសួងពាណិជ្ជកម្ម សម្រាប់យកមកប្រើប្រាស់នៅក្រសួងពាណិជ្ជកម្ម៕