(ព្រះវិហារ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានលោក ដួង មុនី ជាប្រធានសាខា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី ចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ ស្រាប់តាមផ្ទះលក់ទំនិញនានា ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ជាលទ្ធផលបានរកឃើញទំនិញចំនួន៩មុខ ហួសកាលបរិច្ឆេទប្រើប្រាស់ និងធ្វើពិធីដុតកំទេចចោល នៅក្នុងទីធ្លាសាលាផងដែរ។

ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទទាំងនោះ រួមមាន៖

១៖ នំចម្រុះ ចំនួន០៦បាវ និង៣២ប្រអប់ ស្មើ៤២.៩គីឡូក្រាម
២៖ ចាហួយតៃវ៉ាន់ ចំនួន៤៦កញ្ចប់ ស្មើ៤៦គីឡូក្រាម
៣៖ ទឹកម្ទេស ចំនួន០៧ដប ស្មើ១.៦១គីឡូក្រាម
៤៖ កាហ្វេកំប៉ុង ចំនួន៧១កំប៉ុង ស្មើ១២.៧៨គីឡូក្រាម
៥៖ ទឹកផ្លឺឈើ ចំនួន០៨កំប៉ុង ស្មើ២.៤លីត្រ
៦៖ ទឹកក្រូច ចំនួន២០ដប ស្មើ២៥លីត្រ
៧៖ ទឹកស៊ីរ៉ូ ចំនួន១០ដប ស្មើ៧.៥លីត្រ
៨៖ ទឹកស៊ីអ៊ីវ ចំនួន០៥ដប ស្មើ១លីត្រ
៩៖ ទឹកត្រីកោះកុង ចំនួន០៦ដប ស្មើ៣លីត្រ។

លោកប្រធានសាខា ក៏បានឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ការចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រាប់តាមផ្ទះលក់ទំនិញនានា ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលេនរួច ក្រុមការងាររបស់លោកក៏បានធ្វើការ ដុតកំទេចចោល នូវទំនិញខូចគុណភាពទាំងអស់នោះ នៅក្នុងទីធ្លាសាលា ដោយមានការស្នើសុំពីលោកនាយកសាលា និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរយនាក់។

នៅក្នុងពិធីដុតកំទេចចោលនូវផលិតផល ខូចគុណភាពនោះ លោក ដួង មុនី បានចែកផ្សាយនូវ រូបភាព Poster ធ្វើការពន្យល់ និងណែនាំដល់សិស្សានុសិស្ស នូវអ្វីដែលហៅថា របស់ខូចគុណភាព ដែលឲ្យប៉ះពាល់ សុខភាពយើងគ្រប់គ្នា ដើម្បីសិស្ស យល់ដឹងកាន់តែច្បាស់ថែមទៀត។

ក្នុងឱកាសនោះ លោកប្រធានសាខាកាំកុងត្រូល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ អ្នកលក់ដូរ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕