(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានទី៣ ថេរសភា ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម តំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ថុង ចាញ ម៉ានីសៃ អនុរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំសម្តែងការគួរសម ស្វែងយល់ពីវិស័យព្រះពុទ្ធសាសនា សិក្សាឈ្វេងយល់ពីនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស នៅកម្ពុជា។

ពិធីនេះ បានធ្វើឡើងនៅព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវត្តលង្កា ព្រះកុសុមារាម, សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល បានមានសង្ឃដីការ ប្រាប់ទៅលោក ថុង ចាញ ម៉ានីសៃ ក្រោមការដឹកនាំរបស់ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។

សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល បានមានសង្ឃដីការថា បច្ចុប្បន្ននេះ វិស័យព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ដោយបានសាបព្រោះ និងបណ្តុះនូវតម្លៃរួមនៃប្រជាជាតិខ្មែរ គឺសាមគ្គីធម៌ និងធម៌អហិង្សា ដែលសុទ្ធសឹង ជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងភាពសុខដុមរមនានៃសង្គមជាតិ។

សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល មានសង្ឃដីកាបញ្ជាក់ថា ព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌សង្គម និងកសាងសមិទ្ធផលផ្សេងៗជាច្រើន ជូនសង្គមជាតិ ហើយជាការពិតណាស់ការរីកចម្រើនរបស់ព្រះពុទ្ធចក្រ និងអាណាចក្រ ត្រូវទន្ទឹមគ្នា និងផ្ដល់ដល់គ្នាទៅវិញទៅមក៕