(ភ្នំពេញ)៖ ក្រោយបើកការស៊ើបសួរអស់ពេលមួយថ្ងៃនេះ មិនទាន់មានប្រភពណាមួយចេញមកបញ្ជាក់ទេថា តំណាងអយ្យការអមសលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឬមិនចោទចំពោះជនជាតិកូរ៉េ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួមឃាត់ខ្លួនពីបទ មិនបំពេញកាតព្វកិច្ចចំពោះនូវឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់ ឬសែកស្អុយ) តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ី ជីនលីន (SHE JIAN LIN) ។

បើតាមសមត្ថកិច្ច បុរសជនជាតិកូរ៉េនេះ មានឈ្មោះ ផាក ហេយ៉ុង ភេទប្រុស ស្នាក់នៅអគារឌឺព្រីក (The Bridge) ។ រូបគេត្រូវបាននគរបាលការិយាល័យ​ព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ដដែលនេះ ក្រោយត្រូវឃាត់ខ្លួនតាមដីកាលេខ៣០៥ អយក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក កែវ សុធា ប្រធានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងចេញសែកគ្មានសាច់ប្រាក់។

មន្ត្រីនគបាលព្រហ្មទណ្ឌបានឲ្យដឹងទៀតថា ក្រោយតំណាងអយ្យការបានបញ្ចប់ការសាកសួរ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នគរបាលបាននាំខ្លួនជនសង្ស័យឈ្មោះ ផាក ហេយ៉ុង ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញវិញ ដើម្បីរង់ចាំបន្តនីតិវិធីនាព្រឹកស្អែកទៀត ៕