(ត្បូងឃ្មុំ)៖ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាពទំនិញ និងស្វែងរកសារធាតុគីមី នៅផ្សារមេមត់ ។

លោក មាស មោរ៉ា ថ្លែងថា មន្ត្រីជំនាញកាំកុងត្រូល ចុះត្រួតពិនិត្យជាប់ជាប្រចាំនេះ ដើម្បីធានាគុណភាព និងសុវត្ថិភាពចំនីអាហារ ដើម្បីធានាសុខភាពដល់អ្នកទទួលទាន ដោយឡែកនាថ្ងៃនេះ បន្តចុះត្រួតពិនិត្យ៖

១៖ ស្វែងរកសារធាតុគីមីនៅលើជ្រក់មមាញ ជ្រក់ស្ពៃ ផ្អក ប្រហុក និងត្រីងៀត ជាលទ្ធផលមិនបានរកឃើញសារធាតុគីមីនោះទេ
២៖ ពិនិត្យគុណភាពលើផលិតផលគ្រឿងកំប៉ុង ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន គឺមានកាលបរិច្ឆេទត្រឹមត្រូវ និងមានគុណភាពល្អ
៣៖ បានយកបន្លែសរុបចំនួន១៦មុខ បន្លែក្នុងស្រុក៥មុខ មានពោតបារាំង ស្ពៃចង្កឹះ ខ្ញី សណ្តែកគួរ និងត្រសក់ និងបន្លែនាំចូលមកពីប្រទេសវៀតណាម ចំនួន១១មុខ៖ សាឡាត់, ស្ពៃតឿ, ស្ពៃក្តោប, ពោតបារាំង, ជីស្វាយ, តាំងអោ, ម្រះ, ការ៉ុត, ម្ទេសវែង, ក្រូចឆ្មារ និងត្រប់វែង ទៅត្រួតពិនិត្យនៅមន្ទីរពិសោធន៍។

លោក មាស មោរ៉ា បន្ថែមថា មន្ត្រីជំនាញ ក៏បានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងធ្វើការពន្យល់ណែនាំពីរបៀបជ្រើសរើស ការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញាតិនៃច្បាប់៕