(ភ្នំពេញ)៖ ក្រុមអ្នកជិះម៉ូតូធំ Harley-Davidson នឹងធ្វើការចូលរួមក្នុងកម្មវិធី ជួបជុំម៉ូតូធំប្រចាំឆ្នាំ Siem Reap Bike Meet Cambodia ដែលជាកម្មវិធីសប្បុរសធម៌ និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍ ព្រមទាំងបរិច្ចាគមួកសុវត្ថិភាពសម្រាប់កុមារ។

កម្មវិធីនេះ នឹងមានការចូលរួម ពីក្រុមម៉ូតូធំ Harley-Davidson ដែលមកពីជុំវិញប្រទេសកម្ពុជា និងទូទាំងតំបន់ ដែលនឹងធ្វើការជួបជុំគ្នា នៅថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងខេត្តសៀមរាប។

កម្មវិធីជួបជុំដ៏ធំមួយនេះ នឹងមានការចូលរួមប្រគំតន្ត្រី ពីក្រុមចម្រៀងជាច្រើន ចាប់ពីម៉ោង៣រសៀល ដល់១០យប់ ការជិះក្ដារស្គី ការប្រកួតម៉ូតូ មានស្តង់លក់សម្ភារម៉ូតូ និងមានផ្ដល់នូវម្ហូបអាហារ ព្រមទាំងភេសជ្ជៈ ចាប់ពីម៉ោង១១ព្រឹក ដល់៩យប់ផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានការជិះម៉ូតូរួមគ្នា ជាក្រុមនៅថ្ងៃបន្ទាប់ (ថ្ងៃអាទិត្យទី២៤) ដែលដឹកនាំដោយសមាជិកសហគមន៍ម៉ូតូ ក្នុងរយៈចម្ងាយរហូតដល់៣០០គីឡូម៉ែត្រ។

គូសបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយ ដែលកម្មវិធីនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ អ្នកចូលចិត្តម៉ូតូធំ ដែលបានមកបង្ហាញពីសមត្ថភាព និងចូលរួមជជែកអំពីបញ្ហា ដែលទាក់ទងនិងម៉ូតូ ជាមួយអ្នកចូលរួមដទៃទៀត៕