(ភ្នំពេញ)៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ដ និងសិល្បៈ បានលើកឡើងថា ឆ្នាំនេះស្នាដៃភាពយន្ដ ដែលត្រូវយកមកប្រកួតប្រជែង ក្នុងកម្មវិធីមហោស្រពភាពយន្ដជាតិ មានការកើនឡើងជាងបណ្ដាឆ្នាំមុនៗ ចំណែឯកគុណភាពនៃការផលិតខ្សែភាពយន្ដវិញ គឺមានភាពល្អប្រសើរ គុណភាពមានការឈានទៅមុខជាកម្រិត។

ការលើកឡើងបែបនេះ របស់ប្រធាននាយកដ្ឋានភាពយន្ដ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំមហោស្រពភាពយន្ដជាតិ លើកទី៦ ឆ្នាំ២០១៩ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ប៉ុក បូរក្ស ថ្លែងឲ្យដឹងថា «គិតត្រឹមឆ្នាំ២០១៧-២០១៩ ចំពោះកម្រិតស្នាដៃផលិតភាពយន្ដឃើញថា ស្ថេរភាពនៃចំនួនផលិតមានចន្លោះពី២៥-៣០រឿងក្នុងមួយឆ្នាំ ហើយបើធៀបនឹងឆ្នាំ២០១៧លើកទី៥ មកដល់លើកទី៦ឆ្នាំ២០១៩នេះឃើញថា មានការកើនឡើងនៃបរិមាណនៃចំនួនខ្សែភាពយន្ដ ហើយបើតាមរយៈគណៈមេប្រយោគបានពិនិត្យ លើស្នាដៃដែលបានដាក់ប្រកួតប្រជែងក្នុងឆ្នាំនេះ មានចំនួនខ្សែរភាពយន្ដជាច្រើន បានមកដាក់ពាក្យចូលរួមប្រកួតប្រជែង ចំនែកឯគុណភាពនៃខ្សែភាពយន្ដវិញ មានការរីកចម្រើន និងឈានឡើងមួយលំដាប់»។

លោកបានបញ្ជាក់ថា ទាំងនេះចំណុចវិជ្ជមានមួយ និងមានសេចក្ដីត្រេកអរជាពន់ពេកនៃការឈានឡើង ប៉ុន្ដែការឈានឡើងនៃខ្សែភាពយន្ដនេះ មិនមែនទាំងអស់នោះឡើយ ហើយក៏នៅមានភាពយន្ដមួយចំនួន ស្ថិតក្នុងកម្រិតគុណភាពដដែលផងដែរ។

មហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំ២០១៩ នឹងរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ -២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចុតមុខខាងមុខនេះ។ មហោស្រពភាពយន្ដជាតិលើកទី៦ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីលើកស្ទួយភាពយន្ដខ្មែរ»។

មហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំ២០១៩នេះជាវេទិកាប្រកួតប្រជែងស្នាដៃភាពយន្ដ ដើម្បីដណ្ដើមយកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្ដែគឺជាវេទិកាជួបជុំ, សិក្សាស្វែងយល់, វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ ចំណេះដឹងលើវិស័យភាពយន្ដ សំដៅបង្កើនសមត្ថភាព និងលើកកម្ពស់គុណផាពស្នាដៃភាពយន្ដ ដើម្បីប្រកួតប្រជែងលើទីផ្សារភាពយន្ដ ទាំងក្នុងស្រុក និងបរទេស។

គ្រប់ស្នាដៃភាពយន្ដដែលត្រូវយកមកចូលរួម ប្រកួតប្រជែងត្រូវផ្ដោតលើខ្លឹមសារណាមួយដូចជា៖

១៖ អប់រំ និងផ្សព្វផ្សាយចំនេះដឹងអំពីវប្បធម៌ ទំនៀមទំម្លាប់ ប្រពៃណីជាតិ។
២៖ លើកស្ទួយវប្បធម៌សន្តិភាព ពង្រឹងសាមគ្គីភាព និងឯកភាពជាតិ។
៣៖ ការបង្កើតភាពច្នៃប្រឌិត ឬឆ្លុះបញ្ចាំងពីតថភាពសង្គម។

គ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលដាក់ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តជាតិលើកទី៦ ឆ្នាំ២០១៩ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
១៖ ជាស្នាដៃភាពយន្តខ្មែរ ដែលផលិតដោយផលិតកម្មក្នុងស្រុក និងទទួលបានទិដ្ឋាការបញ្ចាំង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
២៖ ជាស្នាដៃភាពយន្តខ្មែរដែលបានផលិត ក្នុងអំឡុងចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩
និងមិនធ្លាប់ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តជាតិកន្លងមក។

ពានរង្វាន់ និងជ័យលាភីសរុបមានចំនួន១៥ដែលក្នុងនោះមាន៖ ពានរង្វាន់សម្រាប់ស្នាដៃភាពយន្តល្អផ្តាច់គេ (Best Film Award), ២៖ ពានរង្វាន់បុគ្គលដែលមានជំនាញឯកទេសឆ្នើម, (សម្រាប់បុគ្គលជនជាតិខ្មែរ), ពានរង្វាន់តួសម្តែងកិត្តិយមាន៤ (បុរស២-ស្ត្រី២), ពានរង្វាន់គណៈមេប្រយោគ សម្រាប់ភាពយន្តដែលល្អ និងពានរង្វាន់ ទស្សនិកជនគាំទ្រច្រើន។

សូមជម្រាបថា គ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង នឹងត្រូវពិនិត្យវាយតម្លៃ វិនិច្ឆ័យ ដោយផ្អែកលើស្នាដៃឯកទេសសំខាន់ៗ៨រួមមាន៖ ស្នាដៃអត្ថបទនិពន្ធភាពយន្ត, ស្នាដៃដឹកនាំរឿង,ស្នាដៃថត, ស្នាដៃសម្តែង, ស្នាដៃតុបតែងឆាក, ស្នាដៃដំឡើងរូបភាព និងស្នាដៃផ្ដុំសំឡេងដោយឆ្លងតាម គោលការណ៍វិនិច្ឆ័យ និងជ្រើសរើសជា២ដំណាក់កាល៖ ដំណាក់កាលទី១៖ ពិនិត្យជ្រើសរើសជម្រុះយកស្នាដៃភាពយន្តឆ្នើមចំនួន០៨រឿង
សម្រាប់ចូលរួមប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់មហោស្រព។ ដំណាក់កាលទី២៖ ស្នាដៃភាពយន្តដែលបានជ្រើសរើសក្នុងដំណាក់កាលទី១ នឹងត្រូវពិន
ត្យវាយតម្លៃជ្រើសរើសជាជ័យលាភីរបស់មហោស្រពភាពយន្តជាតិលើកទី៦ឆ្នាំ២០១៩៕